WHO ពិភាក្សាជាមួយប្រទេសរុស្ស៊ីសម្រាប់ព័ត៌មានបន្ថែមអំពីវ៉ាក់សាំង COVID-19

(ហ្សឺណែវ)៖ អ្នកជំនាញជាន់ខ្ពស់នៃអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បច្ចុប្បន្ននេះ WHO ​កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសរុស្ស៊ីដើម្បីទទួលបានព័ត៌មានបន្ថែមអំពីវ៉ាក់សាំង COVID-19 ដែលប្រទេសរុស្ស៊ីនឹងចាប់ផ្តើមផលិតក្នុងពេលឆាប់ៗនេះ។ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២។

លោកវេជ្ជបណ្ឌិត ប្រ៊ូ អាល់វ៉ាត (Bruce Aylward) ទីប្រឹក្សាជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទសារព័ត៌មានថា អង្គការសុខភាពពិភពលោកមិនមានព័ត៌មានគ្រប់គ្រាន់នៅពេលនេះដើម្បីធ្វើការវិនិច្ឆ័យប្រសិទ្ធិភាពលើវ៉ាក់សាំង COVID-19 រុស្ស៊ីនៅឡើយទេ។ ទោះយ៉ាងណាអង្គការសុខភាពពិភពលោកក៏មានក្រុមហ៊ុន និងអង្គភាពសាកល្បងវ៉ាក់សាំងចំនួន ៩ផ្សេងៗគ្នាដែលធ្លាប់ឆ្លងកាត់ការសាកល្បងដំណាក់កាលទី ២ ឬទី ៣ ប៉ុន្តែវ៉ាក់សាំងរុស្ស៊ីមិនមែនជាផ្នែកមួយនៃសាកល្បងរបស់ WHO ​នៅឡើយទេ។

សូមជម្រាបថា ការពិភាក្សានេះកើតឡើងក្រោយពីប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីនបានប្រកាសកាលពីថ្ងៃអង្គារនេះថាប្រទេសរុស្សីបានផលិតវ៉ាក់សាំងដែលត្រូវបានចុះបញ្ជីដំបូងបង្អស់លើពិភពលោក ដែលមានប្រសិទ្ធិភាពអាចប្រឆាំងនឹងមេរោគឆ្លងវីរុស COVID-19 ។ រុស្ស៊ីនឹងចាប់ផ្តើមផលិតវ៉ាក់សាំងនេះក្នុងរយៈពេលពីរសប្តាហ៍បន្ទាប់ និងបានច្រានចោលការសង្ស័យអំពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ដែលមិនមានមូលដ្ឋានច្បាស់លាស់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២