ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេងសៅយ៉ាន់ វិសាល ក្រសោបបានមេដាយប្រាក់ក្នុងបេសកកម្មក្រៅប្រទេសមួយ ក្នុងនាមជាកីឡាករកម្ពុជា ដ្បិតមិនទទួលបានមេដាយមាស តែនេះគឺជាសមិទ្ធផលដែលចេញពីកម្លាំងញើសឈាមដ៏មានតម្លៃរបស់ក្មេងប្រុសម្នាក់នេះ ដែលបានខិតខំប្រឹងប្រែងសម្រាប់ប្រទេសជាតិ។ព្រោះមុនទទួលបានមេដាយប្រាក់ វិសាល បានឆ្លងកាត់៥ប្រកួតក្នុងព្រឹត្តិការណ៍កីឡាយុវជនទ្វីបអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ។


លោក សាន សៅយ៉ាន់ អតីតអ្នកប្រដាល់គុនខ្មែរជើងខ្លាំងប្រចាំខេត្តបន្ទាយមានជ័យ និងបច្ចប្បន្នជាគ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរ ហើយក៏ត្រូវជាឳពុកបង្កើតរបស់កីឡាករប្រដាល់គុនខ្មែរ ឆុង វិសាល ម្ចាស់មេដាយប្រាក់ កីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាឱកាសអញ្ជើញទៅទទួលដំណើរកូនវិលត្រឡប់ពីការចូលរួមប្រកួតនៅព្រះរាជាណាចក្របារ៉ែនថា” ទោះបីកូនទទួលបានមេដាយប្រាក់ មិនអាចដណ្តើមបានមេដាយមាសជូនជាតិក៏ដោយ ក៏វាជាមោទនភាពមួយសម្រាប់ក្រុមគ្រួសារ និងប្រទេសជាតិ “។
លោក សាន សៅយ៉ាន់ថា ទម្រាំកូនប្រុសរបស់លោកឡើងដល់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទ្វីបអាស៊ីនេះ ពិតជាខិតខំប្រឹងប្រែងខ្លាំងណាស់ ហើយលោកជាឳពុកគឺមានការកោតសើរយ៉ាងខ្លាំងចំពោះការតស៊ូប្រឹងប្រែងរបស់កូន ទាំងកម្លាំង និងបច្ចេកទេស ព្រោះថ្ងៃខ្លះប្រកួតដល់ទៅ២ប្រកួតថែមទៀតផង។


ម្ចាស់មេដាយប្រាក់ ឆុង វិសាល គឺជាកូនប្រុសទី២របស់លោក សាន សៅយ៉ាន់ ក្នុងចំណោមបងប្អូនប្រុសស្រី៤នាក់ បច្ចុប្បន្នរូបគេមានអាយុ១៦ឆ្នាំហើយ ជាជាកីឡាករជម្រើសជាតិថ្នាលរបស់គុនខ្មែរ ។
សូមបញ្ជាក់ផងដែរថា សមិទ្ធផលមុនទទួលបានមេដាយរបស់កីឡាករឆុង វិសាល គឺត្រូវឆ្លងកាត់ការប្រកួតជាច្រើនប្រកួតគឺ
- ឈ្នះកីឡាករថៃ Chanthachaem Suphak វគ្គ ៣២ នាក់ ជុំដំបូង។
- ឈ្នះ កីឡាករលីបង់ Khodor Bahaa Din វគ្គ ១៦ នាក់ចុងក្រោយ។
- ឈ្នះកីឡាករ កាហ្សាស្ថាន Abdykarov Allanur វគ្គ ៨ នាក់ចុងក្រោយ។
- ឈ្នះកីឡាករ ម៉ុងហ្គោលី Myangmar Byambatsogt វគ្គ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
- ចាញ់កីឡាករ អ៊ូបេគីស្ថាន Nurkhujaev Muzaffar វគ្គផ្តាច់ព្រ័ត្រ។
ទោះជាយ៉ាងណាក៏សូមជូនពរឱ្យកីឡាករវ័យក្មេងរូបនេះឱ្យទទួលបានជោគជ័យក្នុងបេសកម្មបន្តបន្ទាប់ទៀត ហើយក្លាយទៅជាកីឡាករល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអនាគត៕

ដោយ៖ វិកគី

