លោកជំទាវ ឱ វណ្ណឌីន ៖ ព្រះសង្ឃ១២០អង្គ នៅខេត្តចំនួន៤ដែលបានឆ្លងជំងឺផ្តាសាយធំ ស្ទើរតែទាំងអស់ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងហើយ

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០នេះ បានជម្រាបជូនសាធារណជនទាំងអស់ នូវស្ថានភាពជំងឺគ្រុនផ្តាសាយធំ​ នៅនៅទូទាំងប្រទេសកម្ពុជា។

លោកជំទាវ បានបញ្ជាក់ថាបញ្ជាក់ថា ព្រះសង្ឃ១២០អង្គ នៅខេត្តចំនួន៤ ( តាកែវ ត្បូងឃ្មុំ បាត់ដំបង និងបន្ទាយមានជ័យ) ដែលបានឆ្លងជំងឺផ្តាសាយធំ ប៉ុន្តែរហូតដល់ពេលនេះ ព្រះសង្ឃស្ទើរតែទាំងអស់ ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុងហើយ នៅសល់ចំនួនតិចតួចប៉ុណ្ណោះ ដែលកំពុងបន្តព្យាបាល។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា៖​ ជាទូទៅ​ កត្តាដែលឲ្យមានបញ្ហាសុខភាព​បែបនេះ​ គឺមានកត្តាជាច្រេីនដូចជា​ ការប្រែប្រួលអាកាសធាតុ​ ការវិវត្តបម្រែបំរួលនៃវីរុស​ ឫមេរោគផ្សេងៗ​នៅក្នុងបរិស្ថានដែលផ្តល់អំណោយផលគួបផ្សំនឹងការបម្រែបម្រួលអាកាសធាតុ​ ឫមានការប៉ះពាល់ជាមួយពពួកសត្វដែលចិញ្ចឹមកូនដោយទឹកដោះ​ និងពពួកសត្វបក្សី​ ដែលអាចចម្លងវីរុសណាមួយមកបុគ្គល​ ឫការបរិភោគពពួកសត្វទាំងនេះដែលចម្អិនមិនបានច្អិន​ និងមានកង្វះការអនុវត្តអនាម័យដៃ​ និងខ្លួនប្រាណ​ ឆ្លងតាមការក្អកកណ្តាស់​ ដែលមិនបានខ្ទប់មាត់និងច្រមុះបានត្រឹមត្រូវឫឆ្លងតាមការប៉ះពាល់ទឹកផ្លូវដង្ហេីមអ្នកដែលឈឺ​ ជាដេីម។

លោកជំទាវ បន្តអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងព្រះសង្ឃ​ លោកតាអាចារ្យ​ លោកយាយជី​ និងគណកម្មការវត្តទូទាំងប្រទេសកម្ពុជា​ ចូលរួមអនុវត្តន៌វិធានការ៖

-​ ត្រូវមានអនាម័យខ្លួន​ប្រាណ ជាពិសេសអនាម័យដៃឲ្យបានស្អាតជាប់ជានិច្ច​ ដោយលាងសម្អាតឲ្យបានញឹកញាប់តាមបច្ចេកទេសណែនាំរបស់ក្រសួងសុខាភិបាល។

-​ ប្រេីម៉ាស់ក្នុងករណីចាំបាច់​ ជាពិសេសត្រូវពាក់ម៉ាស់ពេលចូលក្នុងទីវត្តអារ៉ាម​ ឫកន្លែងដែលមានមនុស្សម្នាច្រេីន​ ហេីយពេលក្អកកណ្តាស់​ ត្រូវខ្ទប់មាត់នុងច្រមុះ​ ដោយប្រេីកន្សែង​ ក្រម៉ា​ ក្រដាសជូតមាត់​ ឫកែងដៃ​ ជាដេីម។

-​ ត្រូវចេះរក្សាគម្លាតសុវត្ថិភាពបុគ្គល​ ពីមួយម៉ែត្រកន្លះឡេីងទៅ

-​ ចៀសវាងការប៉ះពាល់ជាមួយសត្វដែលបំបៅកូនដោយទឹកដោះ​ និងសត្វបក្សី​ ដោយផ្ទាល់​។ ប្រសិនបេីបានប៉ះពាល់​ ត្រូវតែលាងដៃជាមួយសាប៊ូ​ ឲ្យឆាប់​ មុននឹងចាប់កាន់របស់របរ​ ឫមុននឹងប៉ះពាល់ផ្ទៃមុខរបស់បុគ្គល។

-​ ត្រូវបរិភោគម្ហូបអាហារឆ្អិនល្អ​ រក្សាអនាម័យចំណីអាហារ​ និងទុកដាក់ម្ហូបអាហារដាច់ដោយឡែកពីគ្នា​ តាមការណែនាំបច្ចេកទេសរបស់ក្រសួងសុខាភិបាលជារឿយៗរួចមកហេីយ។

-​ បេីមានបញ្ហាសុខភាព​ មិនត្រូវចូលរួមពិធី​ឫកម្មវិធីណាមួយនោះឡេីយ​ ដោយត្រូវស្នាក់ក្នុងកុដិ​ ឫទីកន្លែងណាមួយដាច់ដោយឡែកពីគេ​ កុំឲ្យមានការចម្លងបន្តគ្នា​ ហេីយស្វែងរកការពិនិត្យព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២