សម្តេច​តេ​ជោ ហ៊ុន សែន​៖ កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19

(​ភ្នំពេញ​)៖ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន កត់សម្គាល់ថា កម្ពុជា ស្ថិតនៅ​ស្ថានភាព​ល្អប្រសើរ បើសិន​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ​មួយចំនួន លើ​វិស័យ​ហិរញ្ញវត្ថុ នៅ​សម័យ Covid-19​។ នេះ​បើតាម​ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា «​កម្ពុជា មិនបាន​ស្នើ​ដល់​ម្ចាស់បំណុល ក្នុង​កិច្ច​ពន្យារ​ការបង់ប្រាក់​កម្ចី ឬ​កាតព្វកិច្ច​ហិរញ្ញវត្ថុ​អន្តរជាតិ​នោះទេ​។​

​កម្ពុជា​នៅតែមាន​សកម្មភាព​ដ៏​សកម្ម​ក្នុង​កិច្ច​បញ្ចេញ​សាច់ប្រាក់​គាំទ្រ​កម្មវិធី​វិនិយោគ ដូចជា នៅក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ (​កំពង់សោម​-​សៀមរាប​) ជាដើម​។​

​មិនតែប៉ុណ្ណោះ នៅក្នុង​វិស័យ​ហិរញ្ញប្បទាន ក៏មាន​សកម្ម​ភាពរស់រវើក ដូចជា ការសង្គ្រោះ​ជនក្រីក្រ និង​ងាយ​រងគ្រោះ និង​កិច្ច​បណ្ដាក់ទុន​សាធារណៈ ក្នុង​ការកសាង​ផ្លូវថ្នល់ ប្រឡាយទឹក ឬ​គម្រោង​ខ្នាតតូច​នៅតាម​មូលដ្ឋាន ជាដើម​នោះ ទោះបី​នៅក្នុង​សម្ពាធ​នៃ​ជំងឺ Covid-19​។​ ​រីឯ​ការចំណាយ​​ចរន្ត ដូចជា​ប្រាក់បៀវត្ស​មន្ត្រីរាជការ នៅតែ​រក្សាបាន​ប្រក្រតីភាព ក្នុងការ​ទទួលបាន​បៀរ​វត្ស​ពីរដង​ក្នុង​មួយខែ​»៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២