(ភ្នំពេញ)៖ កម្មវិធីទស្សនកិច្ចដ៏ធំសម្បើមមួយក្រោមប្រធានបទ«រោងចក្រជាតិ គុណភាពអន្តរជាតិ» ដើម្បីបើកបង្ហាញជាផ្លូវការនូវរោងចក្រផលិតទឹកពិសាវីតាល់ និងរោងចក្រផលិតមីជាតិ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលជាសមិទ្ធផលមោទកភាពជាតិខ្មែរ ១០០% កម្មវិធីនេះរៀបចំដោយក្រុមហ៊ុន វ័ន ម៉រ គ្រុប (One More Group)។


ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ម៉រ គ្រុប បានមានប្រសាសន៍ដោយក្ដីមោទកភាពថា៖ «ការបើកទ្វាររោងចក្រជាតិរបស់យើងនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់ពីសមត្ថភាពរបស់កូនខ្មែរ ក្នុងការបង្កើតផលិតផលដែលមានគុណភាពកម្រិតសកល។ គោលដៅចម្បងរបស់យើង មិនត្រឹមតែជាការផលិតដើម្បីអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីនាំយកនូវមោទកភាពជាតិ និងស្តង់ដារសុខុមាលភាពខ្ពស់បំផុត ជូនដល់ប្រជាជនកម្ពុជាគ្រប់រូប។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា និងនវានុវត្តន៍ដើម្បីធានាថា គ្រប់ផលិតផលរបស់ វ័ន ម៉រ គ្រុប គឺជាជម្រើសទីមួយដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ និងទំនុកចិត្ត»។


ក្នុងដំណើរទស្សនកិច្ចលើផ្ទៃដីវិសាលភាពជាង ១០ ហិកតា ភ្ញៀវកិត្តិយសបានឃើញផ្ទាល់ភ្នែកនូវខ្សែសង្វាក់ផលិតកម្មដ៏ទំនើបដែលនាំចូលពីសហភាពអឺរ៉ុប (អាល្លឺម៉ង់ និងអ៊ីតាលី)។ រោងចក្រផលិតទឹកពិសារវីតាល់ បានបង្ហាញពីភាពសម្រិតសម្រាំងតាមរយៈ៖
- ប្រព័ន្ធចម្រោះ ១២ ដំណាក់កាល ធានាបាននូវភាពបរិសុទ្ធ និងគុណភាពខ្ពស់បំផុត។
- ការទទួលស្គាល់កម្រិតពិភពលោក ទទួលបានវិញ្ញាបនបត្រស្តង់ដារ NSF ពីសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ព្រមទាំងស្តង់ដារ ISO និងមេដាយមាស Monde Selection ជាច្រើនឆ្នាំបន្តបន្ទាប់។


ស្របជាមួយគ្នានេះ ក្រុមហ៊ុនបានបើកបង្ហាញនូវផលិតផលថ្មីៗជាច្រើនដែលកំពុងមានវត្តមានលើទីផ្សារ រួមមាន៖
– មីជាតិ កំប៉ុង រសជាតិឈ្ងុយឆ្ងាញ់ និងភាពងាយស្រួលសម្រាប់ការរស់នៅបែបសម័យថ្មី។
– គ្រឿងទេសវ័នម៉រ រួមមាន ប្រេងខ្យង ទឹកម្ទេស និងម្សៅស៊ុបមាន់ ម្សៅស៊ុបសាច់ជ្រូក និងម្សៅស៊ុបបន្លែ ដែលផលិតយ៉ាងសម្រិតសម្រាំងសម្រាប់រសជាតិផ្ទះបាយខ្មែរ។
– អាហារសម្រន់ នំកញ្ចប់ «មីចិបចុប» ដែលផ្ដល់នូវរសជាតិប្លែក និងអនាម័យខ្ពស់។


តាមរយៈពាក្យស្លោក«គ្រប់តំណក់ឆ្លុះបញ្ចាំងពីភាពជោគជ័យ» ក្រុមហ៊ុន វ័ន ម៉រ គ្រុប ក៏បានពង្រឹងសកម្មភាពមនុស្សធម៌តាមរយៈ«មូលនិធិ ២៥៛» ដើម្បីបន្តជួយដល់វិស័យអប់រំ សុខាភិបាល និងបរិស្ថានក្នុងសង្គមជាតិ។
ជាកិច្ចតបស្នងដល់ដៃគូអាជីវកម្ម ក្រុមហ៊ុនក៏បានរៀបចំពិធីលៀងសាយភាយ និងការចាប់រង្វាន់មហាសាលនូវរថយន្តទំនើបចំនួន ២ គ្រឿង ដើម្បីអបអរសាទរនូវមហាជោគជ័យដែលសម្រេចបានរួមគ្នា។
ព្រឹត្តិការណ៍នេះគឺជាសក្ខីភាពបញ្ជាក់ថា ផលិតផលខ្មែរមានសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពជឿជាក់បំផុត៕

ដោយ៖ វិកគី

