ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក FORTHINGមួយគ្រឿង រួមដំណើរជាមួយនិងនារីម្នាក់ទៀតជ្រុលទៅបុកម៉ូតូTODAYមួយគ្រឿងនៅផ្លូវបំបែកជាបួនអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ និងបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៨ និង៥០នាទីយប់ ត្រូវនិងថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។


តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញក្មេងប្រុសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ស្លាកលេខ ភ្នំពេញ 1J-4604 ធ្វើដំណើរតាមបណ្តោយផ្លូវ បេតុងទិសដៅពីលិចទៅកើតខណៈពេលជិះមកដល់ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងម៉ាក FORTHING ពណ៌សពាក់ស្លាកលេខ កម្ពុជា P.YEAN.7 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើកចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណៈពេលបើកមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង ហើយអូសតាមរថយន្តទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យក្មេងប្រុសម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ ក្រោយមកក៏ផ្ទុះហិង្សា កើតឡើងរវាងម្ចាស់រថយន្ត និងក្រុមគ្រួសារក្មេងរងគ្រោះ បន្ទាប់មកសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។


បន្ទាប់ពីកើតហេតុខាងលើនេះ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ចជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពីក្រោយ៕

ដោយ៖ វិសាល

