សែលកាត បានចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកា ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង

(ភ្នំពេញ)  ៖ ក្រុមហ៊ុនសែលកាត បានប្រកាសនៅថ្ងៃនេះថា ខ្លួននឹងចាប់ផ្តើមកម្មវិធីបរិច្ចាគថវិកាដើម្បីផ្តល់ជំនួយសង្គ្រោះ និងស្តារនីតិសម្បទានៅតាមតំបន់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរ ដែលកំពុងជះឥទ្ធិពលដល់អាយុជីវិត និងជីវភាពរស់នៅរបស់ពលរដ្ឋខ្មែរនៅខេត្តចំនួន ១៧ ក្នុងចំណោមខេត្តទាំង ២៥ របស់កម្ពុជា។

សែលកាត បានរៀបចំគម្រោងផលិតបទចម្រៀងដ៏ធំបំផុតរបស់ខ្លួន ដើម្បីប្រមូលថវិកា ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង បទចម្រៀងនេះ នឹងមានដាក់ជូនសម្រាប់ដោនឡូតនៅក្នុងកម្មវិធី Calltunes របស់សែលកាត ក្នុងតម្លៃ ២០សេន ខណៈបទចម្រៀងជាវីដេអូដែលមានគុណភាពខ្ពស់ នឹងមានផ្តល់ជូននៅក្នុងកម្មវិធី Cellcard Music Streaming ក្នុងតម្លៃ ៥ សេន/ថ្ងៃ។

រាល់ថវិកាទាំងអស់ដែលបានមកពីការដោនឡូដបទចម្រៀងនៅក្នុង Calltune និងការភ្ជាប់សេវាកម្ម Music Streaming ចាប់ពីថ្ងៃទី ១៥ ខែតុលា ដល់ថ្ងៃទី ៣១ ខែតុលា នឹងត្រូវយកទៅបរិច្ចាគជូនដល់កាកបាទក្រហម ដើម្បីជួយគាំទ្រដល់ការឆ្លើយតបជាបន្ទាន់របស់អង្គការនេះ ក្នុងការជួយសង្គ្រោះពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលកំពុងភៀសខ្លួនដោយសារគ្រោះទឹកជំនន់។ ថវិកាបរិច្ចាគនេះ នឹងជួយគាំទ្រដល់ការផ្តល់ស្បៀងអាហារ ទីជម្រក និងទឹកស្អាតដល់ជនរងគ្រោះ ក៏ដូចជាបុគ្គលិកស្ម័គ្រចិត្តរបស់កាកបាទក្រហម ដែលកំពុងចូលរួមក្នុងការជួយសង្គ្រោះនិងជម្លៀសប្រជាពលរដ្ឋផងដែរ។

កម្មវិធីបរិច្ចាគនេះ នឹងញុំាងឱ្យមានការចាប់ផ្តើមគម្រោងប្រចាំឆ្នាំដ៏ធំបំផុតមួយរបស់សែលកាត ដែលជាគម្រោងផលិតបទចម្រៀងមិនចំឡងគេ។ បទចម្រៀងនេះ ត្រូវបាននិពន្ធឡើងដើម្បីជាការបង្ហាញនិងកោតសរសើរដល់ភាពខ្លាំង និងភាពរឹងមាំរបស់ប្រជាជនខ្មែរ។ ដើមឡើយ ដោយមានបំណងដើម្បីជាការជម្រុញទឹកចិត្ត និងការអបអរភាពប្រសើឡើងវិញ ពីជម្ងឺរាតត្បាតកូវីដ-១៩របស់កម្ពុជា គម្រោងនេះនឹងត្រូវបានផ្តើមដាក់ឱ្យដំណើរការមុនការគ្រោងទុក ជាមួយគោលបំណងដើម្បីផ្សព្វផ្សាយនូវភាពវិជ្ជមាន និងជួយដល់ជនរងគ្រោះដោយសារទឹកជំនន់តាមរយៈកម្មវិធីបរិច្ចាគថវិកា នៅក្នុងគ្រាដ៏លំបាកនេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ក្រុមការងាររបស់សែលកាត និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព និងសុខុមាលភាពរបស់បងប្អូនពលរដ្ឋខ្មែរ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។ “យើងកំពុងរួបរួមសាមគ្គីគ្នាដើម្បីបើកយុទ្ធនាការរៃអង្គាសថវិកាបន្ទាន់ ក៏ដូចជាធានាឱ្យបានថារាល់ប្រតិបត្តិការនិងសេវាកម្មទាំងអស់របស់យើង ផ្តល់នូវទំនុកចិត្តប្រើប្រាស់ខ្ពស់ និងនៅតែដំណើរការដើម្បីឱ្យក្រុមគ្រួសារទាំងអស់អាចប្រាស្រ័យទាក់ទងគ្នាបាន”។

“យើងសូមជម្រុញឱ្យអ្នកទាំងអស់គ្នា មកចូលរួមជាសាមគ្គីភាពជាមួយក្រុមហ៊ុនសែលកាត ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងសិល្បករដ៏មានទេពកោសល្យទាំងអស់ ដែលបានចូលរួមចំណែកក្នុងការសហការផលិតបទចម្រៀងថ្មីនេះ”។ យើងនឹងប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់យើងក្នុងការជួយដល់អតិថិជនដែលកំពុងជួបការលំបាក ក៏ដូចជាផ្តោតការយកចិត្តទុកដាក់ក្នុងការប្រឹងប្រែងជួយដល់សហគមន៍ ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ និងជម្ងឺរាតត្បាតផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២