រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ នឹងបើកកិច្ចប្រជុំលើកទី៩ តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌និងសិល្បៈ

(ភ្នំពេញ)  ៖ រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ នឹងបើកកិច្ចប្រជុំលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ក្រោមប្រធានបទ ផលប៉ះពាល់នៃជំងឺកូវីដ-១៩ និងមាគ៌ាឆ្ពោះទៅមុខសម្រាប់វិស័យវប្បធម៌និងសិល្បៈ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជារដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌និងសិល្បៈ ឧត្តមមន្ត្រី និងរដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ ជាដៃគូសន្ទនាអាស៊ានរួមមាន៖ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ និងឧត្តមមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្បៈ និងដៃគូសន្ទនា អាស៊ាន+៣ជាច្រើនរូបទៀត ។ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ នឹងផ្តោតទៅលើ ការលើកកម្ពស់វឌ្ឍនភាពវប្បធម៌ ដែលជាគ្រឹះមួយនៃសក្តានុពលសហគមន៍ អាស៊ាន និងការកសាងភាពសុខដុមរមនាក្នុងចំណោមប្រជាជនអាស៊ាន ។

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌ និងសិល្បៈ និងពិនិត្យវាយតម្លៃស្តីពីកិច្ចសហប្រតិបត្តិការអាស៊ានលើវិស័យវប្បធម៌ និងសិល្បៈ និងជាមួយ ដៃគូសន្ទនារួមមាន៖ អាស៊ានបូកបី អាស៊ាន-សាធារណរដ្ឋប្រជាមានិតចិន អាស៊ាន -សាធារណរដ្ឋកូរ៉េ អាស៊ាន ជប៉ុន និងការអនុវត្តនូវផែនការសកម្មភាពអាស៊ាន ជាមួយដៃគូសន្ទនាសម្រាប់ឆ្នាំ២០១៩-២០២១ ។ ពិនិត្យលើផែនការយុទ្ធសាស្រ្តអាស៊ានសម្រាប់វប្បធម៌ និងសិល្បៈសម្រាប់ឆ្នាំ២០១៦-២០២៥ ដែលមានគោលបំណងធ្វើឱ្យ ស៊ីជម្រៅផ្នត់គំនិតអាស៊ាន និងសម្រួលដល់កិច្ចសន្ទនាអន្តរវប្បធម៌ក្នុងចំណោមប្រជាជនអាស៊ានតាមរយៈការចូល រួមរបស់ភាគីពាក់ព័ន្ធនានាក្នុងការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកនិងការលើកស្ទួយប្រវត្តិសាស្រ្តវប្បធម៌ សិល្បៈប្រពៃណីនិងគុណតម្លៃរបស់តំបន់អាស៊ាន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនអាស៊ាន និងផ្សព្វផ្សាយការ ប្រើប្រាស់វប្បធម៌សម្រាប់ការច្នៃប្រឌិត នវានុវត្តន៍ និងការបង្កើតជីវភាពរស់នៅដោយផ្អែកលើផែនការយុទ្ធសាស្ត្រ វប្បធម៌ និងសិល្បៈ ក្នុងការកសាងសហគមន៍អាស៊ានឆ្ពោះទៅរកការអភិវឌ្ឍរួម និងប្រកបដោយចីរភាព។

អង្គប្រជុំ ក៏នឹងធ្វើការពិភាក្សាលើបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺកូវីដ-១៩ បានរាតត្បាត ក្នុងតំបន់និងពិភពលោក ផ្តល់នូវការព្រួយបារម្ភអំពីផលប៉ះពាល់របស់ជំងឺកូវីដ-១៩ លើមនុស្ស សង្គម សេដ្ឋកិច្ច វប្បធម៌ ដោយធ្វើការសិក្សាលើផលប៉ះពាល់នៃជំងឺកូវីដ-១៩ លើវិស័យវប្បធម៌ និងសិល្បៈ ដែលបង្កឲ្យមានការ បាត់បង់ប្រាក់ចំណូលសាធារណៈ ដោយសារតែការបិទជាបណ្តោះអាសន្ននូវដំណើរការរោងសិល្បៈ និងគ្រឹះស្ថាន វប្បធម៌ ក្នុងគោលដៅការពារសុខភាពសាធារណៈ និងស្វែងរកមធ្យោបាយគន្លឹះសមស្របក្នុងការអនុវត្តសកម្មភាព វប្បធម៌ ការរៀបចំឲ្យដំណើរការឡើងវិញនូវគ្រឹះស្ថានវប្បធម៌នាពេលខាងមុខ រួមទាំងក្នុងអំឡុងពេលកូវីដ និង ក្រោយពេលកូវីដ។

ក្នុងគោលដៅលើកស្ទួយកម្ពុជា ជាព្រះរាជាណាចក្រនៃវប្បធម៌ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុក វប្បធម៌ និងសិល្បៈលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធជាមួយដៃគូសន្ទនា នឹងប្រកាសសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន រៀបចំឡើងដើម្បីផ្សព្វផ្សាយសៀមរាបជាទីក្រុងវប្បធម៌អាស៊ាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២