ឯកអគ្គរដ្ឋទូតរុស្ស៊ី សន្យាជំរុញកិច្ចសហប្រតិបត្តិនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្មជាមួយ កម្ពុជា

(ភ្នំពេញ) ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យឯកឧត្តម អាណាតូលី បូរូវីក(Anatoly BOROVIK) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសហព័ន្ធរុស្សី ទើបតែងតំាងថ្មីប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងពីចំណងមិត្តភាពនិងទំនាក់ទំនងដ៏ល្អរវាងប្រទេសទំាងពីរ (កម្ពុជា-រុស្ស៊ី) ដែលមានតាំងពីយូរមកហើយ ពោលបានឈានដល់ខួបទី៦៥ នៅឆ្នាំក្រោយនេះ។ អតីតសហភាពសូវៀត ជាមិត្តដ៏ល្អរបស់កម្ពុជា ដែលបានជួយគំាទ្រកម្ពុជា តំាងពីក្រោយរបបប៉ុលពតបានដួលរលំ​ទៅក្នុងឆ្នាំ១៩៧៩ ខណៈដែលប្រទេសលោកខាងលិចបានព្យាយាមហ៊ុព័ទ្ធកម្ពុជាឲ្យនៅឯកោ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងគាំទ្រចំពោះបេសកកម្មការទូតរបស់ ឯកឧត្តម អាណាតូលី បូរូវីក នៅកម្ពុជានិងបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការនានា ដែលរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានកសាងរួមគ្នារៀងរហូតមក ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វិទ្យាសាស្រ្ត និងវប្បធម៌ មានការរីកចម្រើនជាលំដាប់ ដែលបានរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចបានលើកឡើងថា ក្នុងកាលៈទេសៈនេះ បច្ចុប្បន្ន ដែលពិភពលោកទំាងមូល កំពុងជួបវិបត្តិជម្ងឺកូវីដ១៩ ទាមទារឲ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធថែម​ទៀត ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី ពហុភាគី និងការគំាទ្រពហុភាគីនិយម ដើម្បីរួមគ្នាប្រយុទ្ធប្រឆំាងជម្ងឺកូវីដ១៩ ឲ្យទទួលបានជោគជ័យ។

ឯកឧត្តម អាណាតូលី បូរូវីក បានសន្យាថា នៅក្នុងបេសកកម្មការទូតនៅកម្ពុជានេះ នឹងខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ​ឲ្យកាន់តែរឹងមាំ​ឡើង ទំាងនៅខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ជាទ្វេរភាគី និងពហុភាគី។

ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសរុស្សី កាលពីឆ្នាំ២០១៦ ដែលនាំមកនូវជោគជ័យជា​ច្រើនក្នុងការ​ពង្រឹងពង្រីក​ទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរឲ្យរឹងមាំឡើង។

ឯកឧត្តម អាណាតូលី បូរូវីក បានលើកឡើងថា អ្នកវិនិយោគទុនរុស្សីមានការចាប់អារម្មណ៍ជាខ្លំាងក្នុងការបណ្តាក់ទុកនៅកម្ពុជា នៅក្នុងវិស័យជា​ច្រើនមានដូច​ថាមពលអគ្គិសនីជាដើម។ រុស្សីបានគំាទ្រដល់ការទទួលជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប របស់កម្ពុជា នៅឆ្នាំ២០២១ខាងមុខនេះ។

ឯកឧត្តម អាណាតូលី បូរូវីក បានចូលរួមចែករំលែកទុក្ខលំបាកនិងសម្តែងការសោកស្តាយជាមួយពលរដ្ឋកម្ពុជា ដែលកំពុងទទួលរងគ្រោះធម្មជាតិជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ឯកឧត្តម បានជម្រាបជូនសម្តេចផងដែរ ពីជោគជ័យរបស់ប្រទេសរុស្ស៊ីក្នុងការស្រាវជ្រាវនិងផលិតថ្នាំនិងវ៉ាក់សំាងជំងឺកូវីដ១៩ ដែលទទួលបានជោគជ័យជាវិជ្ជមាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២