អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ចាស់)នឹងបើកសាកល្បងឱ្យប្រជាពលរដ្ឋចូលទស្សនាកម្សាន្តរយៈពេល៩ថ្ងៃ ចាប់ពីចុងសប្តាហ៍នេះតទៅ

ក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ចាស់)បានចេញសេចក្តីជូនដំណឹងស្តីពីការបើកដំណើរការសាកល្បង អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)ជាសួនសាធារណៈសម្រាប់សាធារណជនចូលទស្សនាកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ រយៈពេល៩ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អន្តរក្រសួងបានឱ្យដឹងថា តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រងនិង ប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ក.ស.អ.)បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ជ្រាបថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនឹងបើកដំណើរការសាកល្បង ជាសួនសាធារណៈ ជូនសាធារណជន ចូលទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា ដោយមិនគិតថ្លៃ ក្នុងគោលបំណងចូលរួមអបអរសាទរក្នុង ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងឱ្យឃើញច្បាស់ពីស្ថាបត្យកម្មនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ។

 

សេចក្តីជូនដំណឹងដដែលបានឱ្យដឹងទៀតថា បងប្អូនប្រជាពលរដ្ឋអាចចូលទស្សនាជុំវិញតំបន់ និងអគារជាច្រើន ក្នុងនោះរួមមាន៖ អគារផ្ចិត និងប៉មបញ្ជា ហោះហើរ (Tower) ដែលត្រូវបានកសាងឡើងនៅអំឡុងទសវត្សរ៍ឆ្នាំ១៩៥០, តំបន់ជុំវិញបរិវេណអគារចេញ-ចូលអ្នកដំណើរវីអាយភី (VIP), ចំណតយន្តហោះស៊ីវិល និង តំបន់ផ្លូវរត់របស់យន្តហោះ (Runway) ជាដើម ដែលសុទ្ធសឹងតែជាតំបន់ និងទីតាំងប្រវត្តិសាស្ត្រនៃវិស័យអាកាសចរស៊ីវិលកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បាន តុបតែងលម្អនៅតំបន់មួយចំនួន និងការដាក់បដាផ្សេងៗដែលមានរូបភាពជាល្បែងប្រពៃណីជាតិយើង ដើម្បី អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ឆ្នាំ ២០២៦ ក្នុងបរិវេណព្រលានយន្តហោះនេះផងដែរ។

ដើម្បីឱ្យដំណើរការបើកសាកល្បងនេះ ប្រព្រឹត្តទៅដោយជោគជ័យរក្សាបាននូវសន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងធានានូវសោភ័ណភាពល្អជូនប្រជាពលរដ្ឋទាំងអស់ ក.ស.អ. បានធ្វើការណែនាំមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋ ដូចតទៅ៖
ទី១. ការបើកសាកល្បងនេះ មានរយៈពេល ៩ ថ្ងៃ គឺ ចាប់ពីថ្ងៃសៅរ៍ ទី១១ រហូតដល់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលចាប់ពីម៉ោង ៥:០០ ព្រឹក ហើយត្រូវចាកចេញនៅម៉ោង ៩:០០ យប់។

ទី២. ប្រជាពលរដ្ឋចូលកម្សាន្ត ដោយថ្មើរជើង ចេញចូលតាមច្រក វីអាយភី (VIP) (ចំណុចលេខ១)។

ទី៣. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចូលតាមច្រកអគារ Terminal (ចំណុចលេខ ៣)។

ទី៤. ប្រជាពលរដ្ឋចូលកម្សាន្ត តាមរយៈមធ្យោបាយ ដូចជា កង់ ម៉ូតូ ឡាន ចេញតាមច្រកអគារ Terminal (ចំណុចលេខ ២)។
ទី៥. ប្រជាពលរដ្ឋត្រូវចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ ដោយប្រើប្រាស់បន្ទប់ទឹកចល័ត និងធុង សម្រាម ឱ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ (ចំណុចលេខ ៦, ៧, ៨ និង ៩)។

ទី៦. ប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមស្លាកសញ្ញា និងការណែនាំ សម្រាប់គ្រប់ បរិវេណដែលហាមឃាត់។

ទី៧. ហាមដាច់ខាតមិនឱ្យមានការលក់ដូរ មិនឱ្យមានការយកចូល និងពិសាគ្រឿងស្រវឹង និងមិនឱ្យមាន ការយកចូល និងប្រើប្រាស់កាំជ្រួច និងគ្រឿងផ្ទុះនានា នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញឡើយ។

ទី៨. ការផ្ញើម៉ូតូ ត្រូវបង់កម្រៃ ១ ០០០ រៀល សម្រាប់ម៉ូតូមួយគ្រឿង និង ការធ្វើឡាន ត្រូវបង់កម្រៃ ២ ០០០ រៀល សម្រាប់ឡានមួយគ្រឿង និងការផ្ញើកង់មិនមានការយកកម្រៃ ចាប់ពីម៉ោង ៥:០០ ព្រឹក រហូតដល់ម៉ោង ៩:០០ យប់។

ក្នុងន័យនេះ ក.ស.អ. ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អញ្ជើញមកចូលរួមទស្សនា, កម្សាន្ត, ហាត់ប្រាណ និងលេងកីឡា នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ ឱ្យបានច្រើនកុះករ ក្នុងស្មារតីសាមគ្គីភាព ឯកភាព និងភាតរភាព៕

ដោយ៖ វិចិត្រ

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២