នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យអាជ្ញាធរខណ្ឌទាំង១៤ ត្រូវរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខខណៈឱ្យបងប្អូនប្រជាពលរដ្ឋមានឱកាសដើរកម្សាន្ដរីករាយគ្មានហានីភយ័ ។ ឯកឧត្តមបានដាក់បទបញ្ជាបែបនេះក្នុងឱកាសនៃកិច្ចប្រជុំ ត្រៀមកម្លាំងការពារសន្ដិសុខ សុវត្ថិភាព ជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំ និងរៀបចំនគរសង្ក្រាន្តដែលប្រព្រឹត្ដទៅរយៈពេល ៦ថ្ងៃ ដែលរៀបចំឡើងដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ដោយសហការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា នៅរាជធានីភ្នំពេញ មានវត្តអារាមចំនួន១៥១វត្ត ប្រជាពលរដ្ឋ ក្រៅពីមកដើរលេងកម្សាន្តនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ និងតំបន់សប្បាយ៥ទីតាំងទៀតដែលរៀបចំឡើងដោយ (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញហើយ នោះពួកគាត់អាចដើរលេងកំសាន្តនៅតាមបណ្តាវត្តអារាមទាំងនេះឬនៅកន្លែងសប្បាយផ្សេងៗទៀត។ ដូច្នេះសូមអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ លើការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់បានសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ មិនថានៅទីតាំង “នគរសង្ក្រាន្ត”ឬទីតាំងសប្បាយផ្សេងៗទៀតឡើយ។ ក្រៅពីការងាររក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីហើយ យើងក៏មិនភ្លេចការ បោសសំអាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS)ដែរ។

ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឱ្យអាជ្ញាធរផ្សព្វផ្សាយណែនាំដល់ក្រុមហ៊ុនឯកជននានា តាមភោជនីយដ្ឋាន និងស្ថាប័នពាក់ព័ន្ធ រៀបចំតុបតែង តាំងលម្អរភ្លើងពណ៌ទង់ជាតិ ទង់ជ្វាលាហើយតាមផ្ទះប្រជាពលរដ្ឋត្រូវដាក់ទង់ជាតិគ្រប់ផ្ទះដើម្បីទទួលទេវតាឆ្នាំថ្មី ។មន្ទីរសាធារណការបូមលូការបំបាត់ក្លិនស្អុយ និងសហគ្រាសសំណល់រឹងគិតគូរពីការប្រមូលសំរាមនៅទីតាំងសប្បាយទាំងអស់នេះជាពិសេសធុងសំរាមកុំឱ្យហៀរធ្លាក់ផងដែរ។ក្នុងនោះដែរអាជ្ញាធរខណ្ឌត្រូវណែនាំប្រជាពលរដ្ឋមុនចេញពីផ្ទះត្រូវពន្លត់ភ្លើងទៀន ធូប បិទភ្លើងដើម្បីទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ។
សូមបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” នៅរាជធានីភ្នំពេញ នឹងធ្វើឡើង ក្នុងរយៈពេល ៦ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

ដើម្បីចូលរួម អបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ គ.ស.២០២៦ និងចូលរួម ថែរក្សាការពារទំនៀមទម្លាប់ប្រពៃណី វប្បធម៌ដ៏ល្អផូរផង់របស់ជាតិ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាពិសេសបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅ និងផ្សារភ្ជាប់ពិធីបុណ្យចូលឆ្នាំជាមួយវីរៈកងកម្លាំងជួរមុខ និងបងប្អូនភៀសសឹក ក្រោមស្មារតីការរួបរួមសាមគ្គីនៃមហាគ្រួសារខ្មែរតែមួយ រដ្ឋបាលរាជធានីភ្នំពេញ បានសហការជាមួយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រៀបចំព្រឹត្តិការណ៍ “នគរសង្ក្រាន្ត”នេះឡើង នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ តំបន់ជុំវិញវត្តភ្នំ ,បរិវេណសួនច្បារវឌ្ឍនៈ, សួនច្បារអតីតទីលានប្រជាធិបតេយ្យ, ស្ពាននាគភ្លោះរមណីយដ្ឋានវត្តភ្នំ រហូតដល់ផ្សាររាត្រី, ផ្លូវថ្មើរជើងចតុមុខរាជធានី ភ្នំពេញ (Walk Street) និងកម្មវិធីអមនៅបរិវេណបាសាក់លែន (Bassac Lane) និងផ្លូវ១៥៥បរិវេណផ្សារទួលទំពូង។

ព្រឹត្តិការណ៍ “នគរសង្ក្រាន្ត” មានការរៀបចំកម្មវិធីប្រពៃណីសាសនា និងកម្មវិធីមួយចំនួន ដូចជា ពិធីទទួលទេវតាឆ្នាំថ្មី ដង្ហែក្បួននគរសង្ក្រាន្ត ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើនទម្រង់ លេងល្បែងប្រជាប្រិយជាតិ និងការតាំងពិព័រណ៍ផលិតផលក្នុងស្រុក៕

ដោយ៖ វិចិត្រ

