គ្រាន់តែរឿងដាំបាយបានប្រែក្លាយទៅជាការប្រើអំពើហិង្សាក្នុងគ្រួសារបណ្តាលឱ្យស្ត្រីជាប្រពន្ធបានសន្លប់ដេកស្តូកស្តឹងបាត់មាត់ឈឹងមួយរំពេច។ រឿងហេតុនេះបានកើតឡើងដោយសារប្តីប្រើប្រពន្ធឱ្យដាំបាយហូប តែប្រពន្ធទើបចេញមកពីធ្វើការ ហើយត្អូញត្អែរថាហត់ មិនទាន់បានដាំបាយភ្លាមៗនោះទេ បានធ្វើឱ្យបុរសជាប្តីខឹងវាយសំពង់ទៅលើប្រពន្ធបណ្តាលឱ្យសន្លប់ធំ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោងប្រហែល៩ យប់ថ្ងៃទី០៨ ខែមេសាឆ្នាំ ២០២៦ នៅក្នុងបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើតាមប្រភពពីប្រជាពលរដ្ឋដែលជួលបន្ទប់ស្នាក់នៅជិតៗគ្នានោះបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំឡេងប្តីប្រពន្ធខាងលើជជែកគ្នា ដោយបុរសជាប្តីបានប្រើឲ្យប្រពន្ធដាំបាយហូប ប៉ុន្តែដោយសារស្ត្រីជាប្រពន្ធគាត់ទើបចេញពីធ្វើការអស់កម្លាំងរាងហត់ផងក៏បានប្រាប់ទៅប្តីវិញថា ចុះបងមិនជួយដាំបាយផង ពេលនោះ ក៏កើតជារឿងឈ្លោះគ្នាធ្វើឲ្យប្តីខឹងក៏ប្រើហិង្សាវាយប្រពន្ធរហូតសន្លប់បាត់មាត់ឈឹងតែម្តង ។

បន្ទាប់ពីកើតហេតុ ប្រជាពលរដ្ឋបានទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកប្រពន្ធដែលត្រូវប្ដីវាយសន្លប់ស្តូកស្តឹងយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ចំណែកប្ដីត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អមដើម្បីធ្វើការសួរនាំភ្លាមៗផងដែរ៕

ដោយ៖ វិចិត្រ

