ភ្នំពេញ៖ បុរសជនបរទេសម្នាក់បានបើករថយន្តម៉ាកLexus CT 200h មួយគ្រឿងឆ្លងស្តុបផ្លូវបំបែកជាបួនក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាក TOYOTA PRIUS បើកបត់ឆ្លងស្តុបបណ្តាលឲ្យភាគីម្ចាស់រថយន្តទាំងសងខាងរងរបួសធ្ងន់៣នាក់ ស្រាល១នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកTOYOTA PRIUSមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2BL-7608 រួមដំណើរជាមួយស្រ្តីម្នាក់ទៀតជាប្រពន្ធ ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ទិសដៅពីកើតទៅលិចលុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើក៏បានបួងចង្កូតបត់ឆ្វេងឆ្លងស្តុបឆ្ពោះទៅផ្លូវម្ខាងទៀត ខណៈពេលបើកឆ្លងដល់ពាក់កណ្ដាលផ្លូវស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាកLexus CT 200h ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2CA-2559 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយនារីម្នាក់ទៀតជាជនជាតិខ្មែរធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតឆ្លងស្តុបក្នុងល្បឿនលឿនមិនប្រយ័ត្នក៏ជ្រុលទៅបុករថយន្ត TOYOTA PRIUSពីមុខចំហៀងខាងស្ដាំយ៉ាងពេញទំហឹងបណ្ដាលឱ្យភាគីម្ចាស់រថយន្ត toyota prius ជាប្ដីប្រពន្ធ ខ្ទាតចេញពីរថយន្តធ្លាក់មកខាងក្រៅរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមចំណែកឯនារីជាជនជាតិខ្មែរ។ភាគីម្ចាស់រថយន្តមួយគ្រឿងទៀតត្រូវបានប្រជាពលរដ្ឋដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនមួយកន្លែងក្បែរនោះផងដែរ។

បន្ទាប់ពីកើតហេតុខាងលើ ដោយភាគីសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកដល់ធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ៖ វិសាល

