បុរសអតីតជាពលករខ្មែរម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ដោយបន្សល់ទុកនូវបណ្តាំចុងក្រោយមួយសន្លឹកបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៧ និង៤១នាទីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ចំណុចក្រុមទី០៣ ស្ថិតក្នុងភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សុខ ខេន ភេទប្រុស អាយុ៣១ឆ្នាំ អតីតជាពលករខ្មែរមកពីប្រទេសថៃ កាលពីសម័យផ្ទុះកូវីដ-១៩ ទីលំនៅបច្ចុប្បន្ន រស់នៅភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើអត្តឃាត ដោយយកខ្សែគោចងកទៅនឹងធ្នឹមផ្ទះ បណ្តាលឱ្យស្លាប់ ដោយបានសរសេរសំបុត្របន្សល់ទុកបណ្តាំចុងក្រោយមួយសន្លឹក ដែលមានខ្លឹមសារថា (អ្វីដែលមិនមែនជារបស់យើងហាមប៉ះ, យកអ្វីដែលជារបស់លោកឯងយកទៅ) (ទាំងនេះខ្ញុំធ្វើមិនមែន ដើម្បីលោកឯងទេ ដើម្បីខ្លួនខ្ញុំ) (នេះជាបណ្តាំហាមប៉ះ) (ខ្ញុំមិនមែនម្ចាស់ដី) ។

ក្រោយពេលមានការភ្ញាក់ផ្អើល សមត្ថកិច្ចជំនាញក្នុងមូលដ្ឋានបានចុះទៅធ្វើការត្រួតពិនិត្យដោយជំនាញបច្ចេកទេស នៃអធិការដ្ឋាននគរបាលស្រុក និងក្រុមគ្រូពេទ្យរួចមក បានធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន បន្ទាប់មកបានប្រគល់ជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕


