គណៈរដ្ឋមន្ត្រី ប្រជុំ​ពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ចំនួន ៤

(​ភ្នំពេញ​)៖ កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែតុលា ឆ្នាំ​២០២០ បាន​បន្ត​ពិភាក្សា​លើ​របៀបវារៈ ស្តីពី “​សំណើសុំ​ការពិនិត្យ​សម្រេច​លើ​គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី ស្ទឹង​តា​តៃ​លើ និង​គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី ៥០០ គីឡូវ៉ុល ពី​ភ្នំពេញ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ និង​ពី​បាត់ដំបង ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​”​។​

​គម្រោង​វិនិយោគ​ក្នុង​វិស័យ​អគ្គិសនី​ថ្មី ចំនួន ៣ គម្រោង​បន្ថែមទៀត គឺ​៖

– គម្រោង​វិនិយោគ​អភិវឌ្ឍ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ អានុភាព​១៥០ មេ​ហ្កា​វ៉ា​ត់ នៅ​ស្រុក​ថ្មបាំង ខេត្តកោះកុង​

– គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល ពី​ភ្នំពេញ ទៅ​ព្រំដែន​កម្ពុជា​-​ឡាវ​

– គម្រោង​វិនិយោគ​អភិវឌ្ឍ​ខ្សែបណ្ដាញ​បញ្ជូន ៥០០​គីឡូវ៉ុល ពី​បាត់ដំបង ទៅ​ព្រំដែន​កម្ពុជា​-​ថៃ​។

​ផលប្រយោជន៍​សំខាន់​នៃ​ការអភិវឌ្ឍន៍​គម្រោង​នេះ ក្រៅពី​ផលិត​អគ្គិសនី ៥២៧ លាន​គីឡូវ៉ាត់ម៉ោង ក្នុង ១​ឆ្នាំ ដែលមាន​ថ្លៃ ៧,៩២ សេន​អាមេរិក ក្នុង ១​គីឡូវ៉ាត់ម៉ោង ថេរ ៣៥​ឆ្នាំ គម្រោង​នេះ នឹង​ជួយ​ស្តុក​ប្រភព​ទឹកភ្លៀង​នៅ​រដូវវស្សា​បន្ថែម​ទុក នៅក្នុង​អាងទឹក​ថ្មី​ទាំង​២ នៃ​គម្រោង​វា​រី​អគ្គិសនី​តា​តៃ​លើ ដែល​ជួយ​កាត់បន្ថយ​ការ​ហៀរ​ទឹក​ចោល និង​ការពិន័យ​ដោយ​មិនបាន​ផលិត​អគ្គិសនី នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ នៅ​រដូវវស្សា និង​ស្តុក​ទឹក​នេះ ទុក​សម្រាប់​ការផលិត​អគ្គិសនី នៅ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ នៅ​រដូវប្រាំង និង​បង្ហូរ​ចុះមក​ឱ្យ​អាង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ នៅ​ខាងក្រោម ដើម្បី​ផលិត​អគ្គិសនី​បន្ថែម​នៅ​រដូវប្រាំង​ចំនួន ១០៨ លាន​គីឡូវ៉ាត់ម៉ោង​បន្ថែមទៀត​។ ផ្អែក​តាមច្បាប់​ស្តីពី​សារពើពន្ធ បទ​ប្បញ្ញត្តិ​ជា​ធរមាន និង​ការលើកទឹកចិត្ត​វិនិយោគ រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពន្ធ​ពី​គម្រោង ដូចតទៅ​៖

– ចំណូល​ពន្ធ​លើ​ប្រាក់ចំណូល ពន្ធ​កាត់​ទុក​លើ​ចំណាយ​ការប្រាក់ និង​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ សរុប​ចំនួន ១៩៩ ៧០៥ ៩៨៤ ដុល្លារ​អាមេរិក ក្នុង​រយៈពេល​សម្បទាន ៣៩​ឆ្នាំ​

– ក្នុងករណី​អាករ​លើ​តម្លៃបន្ថែម (VAT) ត្រូវបាន​ដាក់ឱ្យអនុវត្ត រដ្ឋ​នឹង​ទទួលបាន​ចំណូល​ពី​អាករ​នេះ​សរុប​ចំនួន ១៤៤ ៦២៣ ៥៥៦ ដុល្លារ​អាមេរិក ក្នុង​រយៈពេល ៣៥​ឆ្នាំ នៃ​អាណត្តិ​ប្រតិបត្តិការ​អាជីវកម្ម​។ ចំណូល​ពន្ធ​ខាងលើ នៅ​មិនទាន់​គិត​បញ្ចូល​ចំណូល​ពន្ធ​មួយចំនួនទៀត ដូចជា ពន្ធលើប្រាក់បៀវត្ស​រ៍ ពន្ធ​កាត់​ទុក​លើ​ការជួល​នានា និង​ពន្ធ​ដោយ​ប្រយោល​ដទៃទៀត​៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២