ភ្នំពេញ៖ ឃ្លាំងស្តុក និងកែច្នៃស្នោមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង និងកម្លាំងសមត្ថកិច្ចជំនាញបញ្ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ភ្លាមៗ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមសម្ដីម្ចាស់ឃ្លាំងបានឲ្យដឹងថា ពេលពួកគាត់កំពុងតែសម្រាន្តលង់លក់ស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះនៅក្នុងឃ្លាំងស្តុក និងកែច្នៃស្នោនោះយ៉ាងសន្ធោសន្ធៅ។ ឃើញដូច្នេះពួកគាត់ក៏បាននាំគ្នាទាញទុយយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន រួចហើយទាក់ទងទៅមន្ត្រីជំនាញសុំឡានទឹកឲ្យមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។

ក្រោយពីកម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលបានដំណឹងខាងលើក៏ចេញរថយន្តទៅជួយបាញ់ទឹកពន្លត់ជាច្រើនគ្រឿង។ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានប្រើប្រាស់រថយន្តបាញ់ទឹកជាច្រើនគ្រឿងទើបអាចគ្រប់គ្រងស្ថានការណ៍បាន។ ក្នុងនោះដែរមិនមានអ្នករងរបួសនោះទេ ពោលគឺខូចខាតតែសម្ភារៈក្នុងឃ្លាំងមួយចំនួនធំតែប៉ុណ្ណោះ ហើយពន្លត់ចប់នៅយប់ថ្ងៃខែដដែល។
ចំពោះមូលហេតុនៃការឆេះ កម្លាំងជំនាញនឹងធ្វើការស្រាវជ្រាវនៅពេលក្រោយបន្តទៀត៕

ដោយ៖ វិសាល

