នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភាជាតិ នាព្រឹកថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។


ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់ឯកឧត្តមនិងសហការីដែលបានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់
នៅពេលនេះ ជាការរួមចំណែកដោយការពង្រឹងនូវទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ឱ្យកាន់តែរឹងមាំបន្តទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនាឱកាសនេះ។ ឯកឧត្តមបានកោតសរសើរ អំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមថាប្រទេសកម្ពុជាពិតជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងរវាងកម្ពុជា និងអាស៊ែបៃហ្សង់ មានភាពរីកចម្រើន និងមានភាពល្អប្រសើរ។ បន្ថែមពីនេះ ឯកឧត្តមក៏បានលើកឡើងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតដែលប្រទេសទាំងពីរអាចធ្វើទៅជាមួយគ្នាបាន។ ឯកឧត្តមបានសង្កត់ទៅលើកិច្ចសន្ទនានយោបាយដែលប្រទេសទាំងពីរមានជាមួយគ្នាដែលជាផ្នែកធ្វើឱ្យទំនាក់ទំនងនេះកាន់តែរឹងមាំបន្ថែមទៀត។ ពីលើនេះ ឯកឧត្តមក៏សម្លឹងមើលនៃការពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្ម ទេសចរណ៍ដែលបម្រើដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ែបៃហ្សង់។


សម្ដេចតេជោពិតជារីករាយចំពោះការលើកឡើងរបស់ឯកឧត្តមតំណាងប្រធានាធិបតីអាស៊ែបៃហ្សង់ ជាពិសេសពាក់ព័ន្ធទៅនឹងការពង្រីកនូវទំនាក់ទំនងនៅក្នុងក្របខ័ណ្ឌពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគនេះ ដោយសម្ដេចតេជោ លោកចង់ឃើញនូវទំនាក់ទំនងរវាងប្រទេសនីមួយៗជាពិសេស រវាងកម្ពុជា និងអាស៊ែបៃហ្សង់ រីកចម្រើនទៅជាមួយគ្នា ហើយពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងការវិនិយោគឱ្យកាន់តែរីកចម្រើន។
សម្ដេចសង្កត់ធ្ងន់ថា អាស៊ែបៃហ្សង់ជាប្រទេសដែលសម្បូរសន្តិសុខថាមពល ឯកម្ពុជាគឺជាប្រទេសដែលមានសន្តិសុខស្បៀង ដែលយើងអាចមានលទ្ធភាពក្នុងការផលិតស្បៀងបានច្រើន
ដូច្នេះប្រទេសទាំងពីរអាចពង្រីកទំនាក់ទំនងគ្នាបន្ថែមនៅក្នុងក្របខ័ណ្ឌនៃការបំពេញឱ្យគ្នាទៅវិញទៅមក គឺកម្ពុជាបំពេញស្បៀងដល់អាស៊ែបៃហ្សង់ រីឯអាស៊ែបៃហ្សង់អាច
បំពេញនូវសន្តិសុខថាមពលដល់កម្ពុជា ដែលនេះគឺជាការបំពេញឱ្យគ្នាទៅវិញទៅមកផ្នែកពាណិជ្ជកម្ម។
ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឱ្យឯកឧត្តមបំពេញទស្សនកិច្ចនៅកម្ពុជាប្រកបដោយភាពជោគជ័យ៕


