បន្ទាប់ពីមានការរិះគន់ និងបង្ហោះចែកចាយរូបភាពដែលកម្លាំងនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌមួយក្រុមជិះម៉ូតូតាមដងផ្លូវមិនពាក់មួកសុវត្ថិភាព និងសម្ញែងកាំភ្លើងខ្លីនៅនឹងចង្កេះកាលពីម្សិលម៉ិញនោះមក នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានចេញសេចក្តីបំភ្លឺចំពោះបញ្ហានេះហើយ។


បើយោងតាមសេចក្ដីបំភ្លឺរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឱ្យដឹងថា រូបភាពវីដេអូ នៃការជិះម៉ូតូរបស់កម្លាំងនគរបាល (ស្លៀកពាក់ស៉ីវិល) ដោយមិនពាក់មួក និងដាក់កញ្ចក់ គឺជាកម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនោះគឺក្រោយពេលប្រតិបត្តិការបង្ក្រាបមុខសញ្ញាដែលបង្កគ្រោះថ្នាក់ និងទើបចេញពីពន្ធនាគារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះកំហុសឆ្គង នៃការមិនគោរពច្បាប់ចរាចរណ៍របស់កងកម្លាំង ទាំងការមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ ការបញ្ចេញអាវុធសៀតចង្កេះ ដោយគ្មានការបិទបាំង និងមិនពាក់កាតសម្គាល់ខ្លួន។
ទន្ទឹមគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក៏សូមធ្វើការពន្យល់ជូនសាធារណៈ និងអ្នកសារព័ត៌មាន ឲ្យបានជ្រាបអំពីស្ថានភាពជាក់ស្ដែង នៃប្រតិបត្តិការរបស់កម្លាំងជំនាញ៖
* ការជិះម៉ូតូមិនពាក់មួក៖ នៅពេលទទួលបានព័ត៌មានអំពីបទល្មើសដែលកើតឡើងភ្លាម កម្លាំងជំនាញប្រញាប់រួសរាន់ដើម្បីចេញប្រតិបត្តិការបន្ទាន់ ដោយមិនបានគិតអំពីសុវត្ថិភាពផ្ទាល់ខ្លួន ក្នុងការពាក់មួកសុវត្ថិភាព ដែលខុសនឹងច្បាប់ចរាចរណ៍ផ្លូវគោក។ មួយវិញទៀត ការពាក់មួកសុវត្ថិភាព ក្នុងការជិះម៉ូតូប្រដេញដែលមានល្បឿនលឿន (ពេលខ្លះអាច១០០គីឡូម៉ែត្រក្នុងមួយម៉ោង) ក៏ជាឧបសគ្គមួយផងដែរ ដោយកម្លាំងមើលមិនបានច្បាស់ និងគ្រប់ជ្រុងជ្រោយ អាចបង្កគ្រោះថ្នាក់ពេលប្រដេញ។


* ការសៀតអាវុធដោយមិនបានបិទបាំង៖ វីដេអូនោះ គឺក្រោយប្រតិបត្តិការ ដូច្នេះនៅពេលកំពុងប្រតិបត្តិការកម្លាំងប្រើប្រាស់ម៉ូតូក្នុងល្បឿនលឿន ដូច្នេះធ្វើឲ្យប៉ើងអាវចេញអាវុធមកខាងក្រៅ និងមិនទាន់បានរៀបរយខ្លួនប្រាណឡើងវិញ ព្រោះកម្លាំងជំនាញកំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសួរនាំតាមនីតិវិធី។
* ការមិនដាក់កញ្ចក់៖ ថ្វីបើជាការខុសច្បាប់ចរាចរណ៍ផ្លូវគោក ប៉ុន្ដែកម្លាំងមានផលលំបាកក្នុងការប្រដេញតាមជនល្មើស ដោយសារពេលខ្លះជនល្មើសជិះគេចចូលតាមផ្លូវដែលតូចចង្អៀត ដែលងាយនឹងប៉ះជាមួយកញ្ចក់ ហើយបង្កគ្រោះថ្នាក់ដល់កងកម្លាំង។
ជាថ្មីម្ដងទៀត នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ទទួលស្គាល់ចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ ប៉ុន្ដែទិសដៅតែមួយគត់ គឺការបង្ក្រាបបទល្មើសឲ្យខាងតែបាន ដោយពេលខ្លះមិនបានគិតសូម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ចំពោះមុខនេះ អង្គភាពក៏បានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ ត្រូវកែប្រែរាល់កំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូដល់ប្រជាពលរដ្ឋ។
អាស្រ័យដូចបានជម្រាបជូនខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា សាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាយោគយល់ដោយក្ដីអនុគ្រោះ៕

ដោយ៖ វិចិត្រ

