ភ្នំពេញ៖ ក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានបន្តចុះត្រួតពិនិត្យ និងបង្ក្រាប នៅទីតាំងអគារខុនដូរ «អ៊ែក ស៊ីក» និងសណ្ឋាគារ «សូហូ ៨៥» ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមបទបញ្ជា ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង, លោក ចើង ជើងគ័ង និង លោក ថេង សំណាង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។
ជាលទ្ធផល ក្រុមការងារបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៦១នាក់ (ស្រី ០៦នាក់) ក្នុងនោះគ្មានលិខិតឆ្លងដែន ស្នាក់នៅខុសច្បាប់ ចំនួន ៤២នាក់ , ជាប់ពាក់ព័ន្ធនឹងការរក្សាទុកសម្ភារៈសម្រាប់ប្រព្រឹត្តិបទល្មើស Online Scam ១៥នាក់ និងជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់។


ជាមួយគ្នានេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាង និងសម្ភារបច្ចេកវិទ្យាមួយចំនួនមានដូចជា៖ កុំព្យូទ័រយួរដៃ ចំនួន ៤៨គ្រឿង ទូរស័ព្ទដៃ ចំនួន៤៦៨គ្រឿង អេក្រង់ម៉ូនីទ័រ ចំនួន ៣២គ្រឿង CPU ចំនួន ១០គ្រឿង Tablet ចំនួន ០១គ្រឿង និងស៊ីមកាតទូរស័ព្ទបរទេសមួយចំនួនធំទៀតផងដែរ។
បច្ចុប្បន្ន ក្រុមការងារសម្រេចប្រគល់ជនសង្ស័យ រួមនឹងវត្ថុតាងទាំងអស់ ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ជាធរមាន។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាលពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦មក បានកំណត់ដាក់ទោស ជនល្មើស ត្រូវប្រឈមនឹងការ ជាប់ ពន្ធនាគារ ខ្ពស់ បំផុតរហូត ដល់ ១ ជីវិត និង ពិន័យជាប្រាក់ ដល់ ទៅ ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕

ដោយ៖ ឧត្តម

