កម្ពុជា-ឡាវ ប្តេជ្ញាពង្រឹងថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ

កិច្ចប្រជុំលើកទី៤ របស់គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា ឡាវ-កម្ពុជា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះបានរៀបចំឡើងនៅខេត្តស្ទឹងត្រែង នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ ដើម្បីពិភាក្សាការងារកិច្ចសហប្រតិបត្តិការនៃការថែរក្សាសន្តិសុខតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ  ឡាវ-កម្ពុជា។
  
កិច្ចប្រជុំទ្វេភាគីដោយផ្ទាល់លើកទី៤នេះ បានប្រព្រឹត្តទៅក្រោមវត្តមានភាគីកងយោធពលខេមរភូមិន្ទ ដឹកនាំដោយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានគណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ រួមនឹងសមាជិក ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការមាន យោធភូមិភាគ, កងពល, តំបន់ប្រតិបត្តិការសឹករងខេត្តជាប់ព្រំដែន និងស្ថាប័នជំនាញពាក់ព័ន្ធជាច្រើនរូប និងភាគីឡាវដឹកនាំដោយឧត្តមសេនីយ៍ទោ វ៉ាន់ថន ប៊ុតតាក់វង្ស អនុប្រធានអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ និងជាប្រធានគណៈកម្មការរក្សាសន្តិសុខ រៀបរយតាមបណ្ដោយព្រំដែនឡាវ-កម្ពុជា រួមនឹងសមាជិក។

កិច្ចប្រជុំ ក៍បានប្រព្រឹត្តទៅក្រោមទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរលើគ្រប់វិស័យ ស្របពេលដែលឆ្នាំនេះគឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។  ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ កងទ័ពនៃប្រទេសទាំងពីរបានបន្តយកចិត្តទុកដាក់ពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការងារជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្រោមស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នាទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក ដោយឈរលើគោលការណ៍ដោះស្រាយបញ្ហាដោយសន្តិវិធី និងជៀសវាងនូវសកម្មភាពដែលអាចប៉ះពាល់ដល់បរិយាកាសសន្តិភាព និងស្ថិរភាពតាមបណ្តោយព្រំដែន។

កិច្ចសហការដ៏ល្អប្រសើរនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការពង្រឹងទំនាក់ទំនងជាប្រពៃណីរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២