រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតលេខ០៦៧/២៦ ឆត.រ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ដោយឱ្យរដ្ឋបាលខណ្ឌជ្រោយចង្វារកំណត់ឱសានវាទឱ្យលោក ឈុន លីម ជាម្ចាស់សំណង់ភូមិគ្រឹះ ដែលបានសាងសង់រំលោភលើដីច្រាំងទន្លេ និងក្នុងផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ធ្វើការរុះរើសំណង់ទាំងនោះចេញជាបន្ទាន់វិញ។



លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានសរសេរសារបង្ហោះនៅលើផេកហ្វេសប៊ុករបស់លោកថា ខ្ញុំមិនដឹងថា លោកបានទទួលការណែនាំពីរដ្ឋបាលខណ្ឌជ្រោយចង្វារហើយឬនៅនោះទេ? ក៏ប៉ុន្តែបច្ចុប្បន្នក្រុមការងារសំណង់រាជធានីភ្នំពេញពិនិត្យឃើញថា លោកមិនត្រឹមតែមិនព្រមរុះរើសំណង់ទេ តែថែមទាំងបានបន្តសកម្មភាពសាងសង់សំណង់នេះបន្ថែមទៀតផង។


លោក ឃ្លាំង ហួត បានបន្តទៀតថា ខ្ញុំសង្ឃឹមថា លោកនឹងគោរព និងអនុវត្តតាមខ្លឹមសារលិខិតខាងលើ ហើយរុះរើសំណង់របស់លោកចេញជាបន្ទាន់ ហើយត្រូវអនុវត្តឱ្យបាននូវច្បាប់ស្តីពីសំណង់ និងច្បាប់ស្ដីពីការគ្រប់គ្រងច្រាំងទន្លេ និងទន្លេជាធរមាន៕


