ភ្នំពេញ ៖ ព្រះសង្ឃក្លែងក្លាយចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ខណ្ឌពោធិ៍សែនជ័យបានធ្វើការឃាត់ខ្លួន មនុស្សចំនួន ៩នាក់ ដែលបានក្លែងបន្លំខ្លួនជាព្រះសង្ឃ ដោយគ្រងស្បង់ចីវរ ដើររៃអង្គាសបច្ច័យ បិណ្ឌបាត ខុសប្រក្រតី តាមទីសាធារណៈ មុខរោងចក្រ តាមផ្សារ សាលារៀន នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ នៅក្នុងភូមិសាស្ត្រ សង្កាត់ចោមចៅទី៣ និងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


បើតាមសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ដែលបានចុះទៅឃាត់ខ្លួនព្រះសង្ឃក្លែងក្លាយនោះបានឱ្យដឹងថា មួយរយៈនេះឃើញវត្តមានជនឆ្លៀតឱកាស បន្លំគ្រងស្បង់ចីវរ ដើររៃអង្គាសបច្ច័យ បិណ្ឌបាត តាមទីសាធារណៈ ក្នុងមូលដ្ឋាន ខុសប្រក្រតី ខណៈនៅតាមវត្តអារាម នៅក្នុងមូលដ្ឋានខាងលើ ពុំមានព្រះសង្ឃនិមន្តចេញបិណ្ឌបាតឡើយ។ លុះត្រាណាមានការអនុញ្ញាតពីព្រះអនុគុណ ហើយបានផ្តល់ព័ត៌មានជាមុនទៀត ក៏ប៉ុន្តែក្រុមជនឆ្លៀតឱកាសនេះ ដើរបិណ្ឌបាត គ្មានកំណត់ពេលវេលា ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ច តាមដាន ស្គាល់មុខសញ្ញា ចាត់វិធានការតែម្តង ។


សង្ឃក្លែងក្លាយទាំង៩នាក់នេះ ក្រោយពីឃាត់ខ្លួនបាន សមត្ថកិច្ចបាននាំទៅសាកសួរនៅវត្តត្រពាំងឈូក ក្រោមវត្តមានព្រះអនុគុណខណ្ឌ ព្រះគ្រូចៅអធិការ ហើយត្រូវបានជនទាំង៩សារភាពថា ខ្លួនពិតជាសង្ឃក្លែងក្លាយមែន រួចសមត្ថកិច្ចធ្វើកិច្ច ដោះស្បង់ចីវរ ដើម្បីប្រគល់ខ្លួនឱ្យទៅនគរបាលប៉ុស្តិ៍ចោមចៅទី៣ នាំសាកសួរ ធ្វើកិច្ចសន្យា និងអនុវត្តតាមនីតិវិធីបន្ត ៕

ដោយ៖ វិចិត្រ

