សហរដ្ឋអាមេរិកព្រមានដាក់ទណ្ឌកម្មចិនបន្ថែមទៀតជុំវិញការដកសិទ្ធសមាជិកសភា៤រូបរបស់ទីក្រុងហុងកុង

(វ៉ាស៊ីនតោន)៖ នៅថ្ងៃព្រហសត្បិ៍នេះ ​សហរដ្ឋអាមេរិក បានព្រមានពីការដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងប្រទេសចិនដែលបានរំលោភបំពានជាក់ស្តែងលើសិទ្ធស្វ័យភាពរបស់ហុងកុង បន្ទាប់ពីទីក្រុងប៉េកាំងបានដកសិទ្ធិតំណាងរាស្ត្រដែលគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ រូប។នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brienមានប្រសាសន៍ថា ” សកម្មភាពថ្មីៗរបស់ទីក្រុងប៉េកាំងដែលធ្វើឱ្យបាត់បង់សមាជិកសភាដែលគាំទ្រលទ្ធិប្រជាធិបតេយ្យពីក្រុមប្រឹក្សានីតិប្បញ្ញត្តិរបស់ហុងកុង ច្បាស់ណាស់គឺគណបក្សកុម្មុយនិស្តចិន (CCP) បានរំលោភលើការប្តេជ្ញាចិត្តអន្តរជាតិរបស់ខ្លួន”។​​ លោកបានបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្តកំណត់អត្តសញ្ញាណ និងដាក់ទណ្ឌកម្មដល់អ្នកដែលទទួលខុសត្រូវចំពោះអ្នកដែលធ្វើឲ្យបាត់បង់សិទ្ធសេរីភាពរបស់ហុងកុង ។ កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលើមន្រ្តី ៤ រូបបន្ថែមទៀតដែលមានតួនាទីគ្រប់គ្រងការបង្ក្រាបអ្នកប្រឆាំងនៅទីក្រុងហុងកុង។

គួរជម្រាបថា កាលពីថ្ងៃពុធម្សិលមិញនេះ សភាចិនបានអនុម័តច្បាប់មួយដែលអនុញ្ញាតឱ្យមករដ្ឋាភិបាលទីក្រុងហុងកុងមានសិទ្ធបណ្តេញសមាជិកសភាណាដែលត្រូវបានគេចាត់ទុកថាជាការតស៊ូមតិឯករាជ្យ, ឃុបឃិតជាមួយកម្លាំងបរទេស ឬគំរាមកំហែងដល់សន្តិសុខជាតិដោយមិនចាំបាច់ឆ្លងកាត់តុលាការឡើយ បន្តិចក្រោយមករដ្ឋាភិបាលហុងកុងបានបណ្តេញសមាជិកសភាទាំងបួនរូបនេះចេញពីតំណែងតែម្តង។ នៅថ្ងៃនោះដែលសមាជិក ១៥ នាក់ផ្សេងទៀតដែលគាំទ្រលទ្ធិប្រជាធិបតេយ្យរបស់ក្រុមប្រឹក្សានីតិបញ្ញត្ដិបាននិយាយថាពួកគេនឹងលាលែងពីតំណែងដើម្បីតវ៉ាប្រឆាំងនឹងការបណ្តេញសហសេវិករបស់ពួកគេទាំង៤រូប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២