ពិតជាក្លាហានណាស់ នារីម្នាក់ប្តូរជាមួយចោរឆក់ទូរស័ព្ទរបស់ខ្លួន ដោយជិះម៉ូតូប្រដេញបំបុកចោររហូតដួលម៉ូតូទាំងសងខាង បណ្តាលឱ្យនាងរងរបួស ហើយចាប់បា នចោរម្នាក់

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់​ បានធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទពីនារីម្នាក់បានសម្រេច​ តែត្រូវនារីរងគ្រោះជិះម៉ូតូតាមបំបុកពីក្រោយបណ្ដាលឲ្យដួលម៉ូតូទាំងពីរគ្រឿងដួលលើចិញ្ចើមផ្លូវនិងរងរបួសនារីរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យចំណែកជនសង្ស័យត្រូវពលរដ្ឋឃាត់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ចចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួន។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០​ និង៥០នាទីយប់ថ្ងៃទី៣០​ ខែកក្កដា​ ឆ្នាំ២០២៦ នៅចំណុចជាប់រង្វង់មូលទួលគោកចាស់ ស្ថិតនៅលើផ្លូវ ៥៩២កែងនឹងផ្លូវ ៦០៦ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

​ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គុបពីពណ៌ខៀវពាក់ស្លាកលេខ ភ្នំពេញ 1LO 5704 ធ្វើដំណើរតាមបណ្តោយផ្លូវ៥៩២ទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកស៊ុយសាគីនិចពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 1LK4230 ធ្វើសកម្មភាពឆក់ទូរសព្ទម៉ាក iphone 13 របស់ជនរងគ្រោះបានសម្រេច ហើយជនសង្ស័យជិះម៉ូតូរត់គេចខ្លួនតែត្រូវនារីរងគ្រោះជិះប្រដេញពីក្រោយហើយស្រែកចោរៗ រួចបំបុកពីក្រោយម៉ូតូជនសង្ស័យបណ្តាលឲ្យម៉ូតូដួលទាំង២គ្រឿងខ្ទាតលើចិញ្ចើមផ្លូវ ធ្វើឱ្យនារីរងគ្រោះរងរបួសបញ្ជូនទៅមន្ទីពេទ្យព្រះកុសមៈភ្លាមៗ។ចំណែកជនសង្ស័យត្រូវពលរដ្ឋឃាត់បានម្នាក់ប្រគល់ជូនសមត្ថកិច្ច ចំណែកបក្ខពួម្នាក់ទៀតកំពុងរត់គេចខ្លូន។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមកដល់យកមធ្យោបាយទាំងអស់រួមទាំងវត្ថុតាង និងជនសង្ស័យយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២​ រួចបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីអនុវត្តនិតិវិធី ៕​

ដោយ៖ វិសាល

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២