រដ្ឋាភិបាលវេណេហ្ស៊ុយអេឡាបានប្រកាសថា ចំនួនអ្នកស្លាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយដែលបានវាយប្រហារប្រទេសកាលពីខែមិថុនានោះ បានកើនឡើងដល់ ៦,១២៥នាក់ហើយនៅពេលនេះ។ប្រធានរដ្ឋសភាលោក Jorge Rodriguez បានប្រកាសអំពីតួលេខដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃចន្ទ ទី៣ ខែសីហា ម្សិលមិញនេះ ដោយបញ្ជាក់នៅក្នុងការបង្ហោះចែករំលែកនៅលើកម្មវិធីផ្ញើសារ Telegram ថា មានមនុស្ស 61,000 នាក់ត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ការប្រកាសនេះធ្វើឡើងនៅពេលដែលរដ្ឋាភិបាលវេណេស៊ុយអេឡាដឹកនាំដោយប្រធានាធិបតីបណ្តោះអាសន្នលោក Delcy Rodriguez ប្រឈមមុខនឹងការរិះគន់កាន់តែខ្លាំងឡើងចំពោះកង្វះខាតក្នុងការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះការរញ្ជួយដីដ៏សាហាវនេះ។ នៅពេលដែលប្រជាជនវេណេហ្ស៊ុយអេឡាស្វែងរកមិត្តភ័ក្តិ និងមនុស្សជាទីស្រលាញ់ដែលបាត់ខ្លួនក្រោយការរញ្ជួយដី អ្នកខ្លះបានរិះគន់រដ្ឋាភិបាល និងកងកម្លាំងយោធាចំពោះការយល់ឃើញរបស់ពួកគេថា បរាជ័យក្នុងការជួយអ្នកស្រុកឱ្យបានគ្រប់គ្រាន់។ ការរញ្ជួយដីកម្រិត 7.2 និង 7.5 រ៉ិចទ័រ បានកើតឡើងកាលពីថ្ងៃទី 24 ខែមិថុនា ដោយរដ្ឋឆ្នេរសមុទ្រ La Guaira និងរដ្ឋធានី Caracas របស់ជាតិបានវាយប្រហារខ្លាំងបំផុត។

លោក Rodriguez បាននិយាយថា 16.5 ភាគរយនៃកំទេចកំទីពីការរញ្ជួយត្រូវបានយកចេញ ប៉ុន្តែសំណួរបានបន្តអំពីផ្លូវរបស់ប្រទេសក្នុងការស្តារឡើងវិញ។
របាយការណ៍របស់ធនាគារពិភពលោកបានដាក់ការខូចខាតពីការរញ្ជួយដីមានទំហំទឹកប្រាក់ប្រមាណជិត ២០ ពាន់លានដុល្លារ។ ទោះបីជាមានការសន្យាគាំទ្រពីបណ្តាប្រទេសជុំវិញពិភពលោកក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីការរញ្ជួយដីក៏ដោយ វានៅតែមិនទាន់ច្បាស់ថាតើមូលនិធិបែបនេះអាចបានមកពីណា។

សហរដ្ឋអាមេរិកបានរក្សាកម្រិតខ្ពស់នៃការគ្រប់គ្រងលើវេណេហ្ស៊ុយអេឡា ចាប់តាំងពីការចាប់ពង្រត់អតីតប្រធានាធិបតី Nicolas Maduro ក្នុងការវាយឆ្មក់យោធាកាលពីខែមករា ហើយទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនរបស់សហរដ្ឋអាមេរិកពីការកាន់តំណែងរបស់លោក Maduro នៅតែមាននៅដដែល។ ក្រុមអ្នកតស៊ូមតិបានអំពាវនាវឱ្យមានការបន្ធូរបន្ថយ ឬលុបចោលទណ្ឌកម្មដែលនៅសេសសល់ ដើម្បីជួយសម្រួលដល់លំហូរនៃមូលនិធិទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា៕

ប្រភព៖ Al Jazerra
ប្រែសម្រួលដោយ៖ វាសនា

