មន្ត្រីរៀបចំការបោះឆ្នោតអះអាងថា ការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកាគឺមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មការការរៀបចំការបោះឆ្នោតសហព័ន្ធ និងរដ្ឋនានារបស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍នេះថា គ្មានភ័ស្តុតាងណាមួយដែលបញ្ជាក់ថាសន្លឹកឆ្នោតត្រូវបានបាត់បង់ ឬផ្លាស់ប្តូរសន្លឹកឆ្នោត ឬប្រព័ន្ធបោះឆ្នោតដំណើរការមិនល្អឡើយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីដើមខែវិច្ឆិកាកន្លងមកនេះ ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA ថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

មន្ត្រីជាន់ខ្ពស់ដែលទទួលខុសត្រូវចំពោះសន្តិសុខក្នុងការបោះឆ្នោតនៅទូទាំងប្រទេសបានច្រានចោលការអះអាងដែលធ្វើឡើងដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ និងគណបក្សសាធារណរដ្ឋថា មានការលួចបន្លំសន្លឹកឆ្នោត និងការបាត់បង់សន្លឹកឆ្នោត ទើបបាននាំឱ្យលោក ចូ បៃដិន គណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយមន្ត្រីជាន់ខ្ពស់នៃគណៈកម្មការការរៀបចំការបោះឆ្នោតសហព័ន្ធ បានបញ្ជាក់ថា“ ការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាគឺមានសុវត្ថិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក មិនមានភ័ស្តុតាងណាដែលថាប្រព័ន្ធបោះឆ្នោតណាមួយត្រូវបានលុបចោល ឬបាត់សន្លឹកឆ្នោត ឬផ្លាស់ប្តូរសន្លឹងឆ្នោតណាមួយឡើយ” ។

គួរជម្រាបថា សេចក្តីថ្លែងការណ៍នេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក ដូណាល់ ត្រាំ បានអះអាងឡើងវិញនូវពាក្យបណ្តឹងដែលគ្មានមូលដ្ឋានថា មានការលួចបន្លំសន្លឹកឆ្នោត ចំនួន ២,៧ លានសម្រាប់គាត់នៅទូទាំងប្រទេស និងប្តូររាប់ពាន់សម្លេងពីគាត់ទៅអោយលោក ប៊ៃដិនក្នុងរដ្ឋ Pennsylvania និងរដ្ឋដទៃៗទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២