កំពង់ធំ ៖ ដោយសារតែមានគំនុំគំគួនគ្នា បានធ្វើកំហឹងតែផ្ទុកជាប់នៅក្នុងខ្លួនជានិច្ច ទើបធ្វើអោយលោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ យកកាំបិតចាក់បំពង់.ក លោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ តែមិនសម្រេច ហើយនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតចាក់បំពង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។
ប្រភពព័ត៌មាន ដែលនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយមន្រ្តីអាវុធហត្ថបួន ប្រាំនាក់ បាននឹងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា។
លោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏កំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ។ ក្រោយមកនៅវេលាម៉ោងប្រមាណ២១៖១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ និងដើរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយវាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានអោយដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនល្មើសធ្វើសកម្មភាពចាក់បំពង់កជនរងគ្រោះ គឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។
ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង។ ជនល្មើសនេះ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងគ្មានបញ្ជាពីព្រះរាជអាជ្ញា ចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវពីអភិបាលខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធ ដោយទាំងខ្លួនមិនមានសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ ដោយពេលនោះ ជនល្មើសស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត៕