ព្រះរាជអាជ្ញារងខេត្តកំពង់ធំ ប្តឹង នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ហើយសំណុំរឿងនេះ ត្រូវផ្ទេរទៅខេត្តសៀមរាប

កំពង់ធំ ៖ ព្រះរាជអាជ្ញារងខេត្តកំពង់ធំ បានដាក់ពាក្យប្តឹង លោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ហើយសំណុំរឿងនេះ ត្រូវបាន លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សម្រេចផ្ទេរសមត្ថកិច្ច ពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅ អយ្យការអមសាលាដំបូងខេត្តសៀមរាប វិញ។ នេះបើយោងតាមលិខិតរបស់លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជម្រាបមកលោក ស៊ិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

យោងតាមពាក្យបណ្តឹងរបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ គឺ លោកបានប្តឹងឈ្មោះ ម៉ៅ ប៊ុនធូ ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ពីបទ «ប៉ុនប៉ងឃាតកម្ម» ប្រព្រឹត្តនៅចំណុចក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១៖១៣នាទី យប់។

បច្ចុប្បន្ននេះ លោក ម៉ៅ ប៊ុនធូ ជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ ត្រូវបានសមត្ថកិច្ចខេត្តកំពង់ធំ ឃាត់ខ្លួន និង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីបន្តនីតិវិធី។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានថ្លែងអោយដឹងថា ដើម្បីធានាប្រយោជន៍សាធារណៈ និង ដំណើរការល្អនៃយុត្តិធម៌តុលាការ និង ដោយអនុវត្តតាមមាត្រា១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ , ក្រសួងយុត្តិធម៌ សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការលើសំណុំរឿងខាងលើ ពីអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២