សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យហុងកុងលោក Joshua Wong ចូលសារភាពកំហុសចំពោះតុលាការ

(ហុងកុង)៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុង លោក Joshua Wong នៅថ្ងៃច័ន្ទនេះ បានសារភាពកំហុសរបស់ខ្លួនចំពោះការចោទប្រកាន់ពីបទរៀបចំនិងចូលរួមក្នុងការប្រជុំដោយគ្មានការអនុញ្ញាតនៅជិតទីស្នាក់ការប៉ូលីសអំឡុងពេលបាតុកម្មប្រឆាំងរដ្ឋាភិបាល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន រ៉យទ័រ នៅ​ថ្ងៃចន្ទ ទី២៣ ខែវិច្ឆកា ឆ្នាំ២០២០។

លោក Joshua Wong ដែលទើបតែមានអាយុ១៧ឆ្នាំ គាត់បានក្លាយជាសកម្មជននៃចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយក្រុមនិស្សិតនៅឆ្នាំ២០១៤ កំពុងប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលយ៉ាងតិច ៥ ឆ្នាំប្រសិនបើត្រូវបានផ្តន្ទាទោសតាមច្បាប់។

មុនពេលចូលដល់បន្ទប់សវនាការលោក Joshua Wong បាននិយាយថា លោកនឹងមិនមានការភ្ញាក់ផ្អើលទេប្រសិនបើមានការឃុំខ្លួនភ្លាមៗ។ លោក Joshua Wong បានបន្ថែមថា៖ «ប្រហែលជាអាជ្ញាធរចង់ឲ្យ ខ្ញុំនៅក្នុងគុកមួយឆ្នាំម្តង។ ប៉ុន្តែខ្ញុំជឿជាក់ថាមិនថានៅក្នុងគុក ឬការហាមឃាត់ការបោះឆ្នោត ឬក៏អំណាចដែលបំពានណាមួយនឹងបញ្ឈប់យើងពីសកម្មភាពនោះទេ។ អ្វីដែលយើងកំពុងធ្វើនៅពេលនេះគឺដើម្បីពន្យល់ពីតម្លៃនៃសេរីភាពចំពោះពិភពលោក។

លោក Joshua Wong មិនមែនជាឥស្សរជនឈានមុខគេក្នុងការធ្វើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ និងប្រឆាំងប្រទេសចិនកាលពីឆ្នាំមុននោះទេ ប៉ុន្តែសកម្មភាពបន្តរបស់លោកបានធ្វើឱ្យទីក្រុងប៉េកាំងខឹងយ៉ាងខ្លាំងដែលចាត់ទុកថាវាជា“ ដៃខ្មៅ” របស់កងកម្លាំងបរទេស។ លោក Joshua Wong បានផ្តាច់ខ្លួនពីក្រុមប្រជាធិបតេយ្យ (Demosisto) របស់ខ្លួន កាលពីខែមិថុនាពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីសភាចិនបានអនុម័តច្បាប់សន្តិសុខជាតិសម្រាប់ហុងកុងដោយដាក់ទណ្ឌកម្មទៅលើអ្វីដែលរដ្ឋាភិបាលក្រុងប៉េកាំងចាត់ទុកថាជាការបំបែកខ្លួន អំពើភេរវកម្ម និងការឃុបឃិតជាមួយកម្លាំងបរទេស ដោយត្រូវផ្តន្ទាទោសជាប់គុកមួយជីវិត។

មិត្តរួមការងាររបស់គាត់ឈ្មោះ Agnes Chow បានសារភាពកំហុសរួចហើយចំពោះការចោទប្រកាន់ទាក់ទងនឹងការតវ៉ានៅខែមិថុនាឆ្នាំ ២០១៩ ស្របពេលដែលលោក Ivan Lam អតីតមិត្តរួមការងារ Demosisto ម្នាក់ទៀតក៏ត្រូវបានគេរំពឹងថានឹងទទួលទោសផងដែរ។កាលពីដើមឆ្នាំនេះលោក Joshua Wong ត្រូវបានគេដកសិទ្ធិនយោបាយ និងសកម្មជនប្រជាធិបតេយ្យចំនួន ១១ នាក់ផ្សេងទៀតត្រូវដកសិទ្ធពីការឈរឈ្មោះបោះឆ្នោត ។

សូមជម្រាបថា ការចាប់ខ្លួនម្តងហើយម្តងទៀតរបស់លោក Joshua Wong និងសកម្មជនដទៃទៀតបានធ្វើឱ្យមានការរិះគន់ពីរដ្ឋាភិបាលលោកខាងលិចដែលនិយាយថាប្រទេសចិនមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យទីក្រុងហុងកុងមានស្វ័យភាពកម្រិតខ្ពស់ ដោយបានយល់ព្រមជាមួយអតីតម្ចាស់អាណានិគមអង់គ្លេសនៅពេលទីក្រុងនេះបានវិលត្រឡប់មកគ្រប់គ្រងដោយប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ប៉ុន្តែចិនបដិសេធការចោទប្រកាន់នេះហើយអះអាងថាហុងកុងគឺជារឿងផ្ទៃក្នុងរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២