មានការងារហើយ មិនប្រឹងធ្វើ បែរជាបែកគំនិត បបួលគ្នា ទៅលួចខោអាវ ត្រូវសមត្ថកិច្ចខណ្ឌដង្កោ ឃាត់ខ្លួនបាន៣នាក់

ភ្នំពេញ ៖ មានការងារហើយ មិននាំគ្នាប្រឹងធ្វើ បែរជាបែកគំនិត បបួលគ្នា ទៅលួចខោអាវ ក្នុងរោងចក្រ ត្រូវសមត្ថកិច្ច ខណ្ឌដង្កោ និងខណ្ឌមានជ័យ សហការគ្នា តាមឃាត់ខ្លួន ជនសង្ស័យ៣នាក់ជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ថា ជនសង្ស័យទាំង៣នាក់រួមមាន៖ ទី១៖ ឈ្មោះ សន សុខពឿន ហៅ សាក់ អាយុ២៤ឆ្នាំ មុខរបរអនុប្រធានផ្នែកវេចខ្ចប់ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី២៖ ឈ្មោះ ប៉ិច សុខ អាយុ២០ឆ្នាំ មុខរបរសន្តិសុខរោងចក្រអៅវ័រ តិចស្តាយ ស្នាក់នៅក្នុងរោងចក្រអៅវ័រ តិចស្តាយ ស្ថិតនៅភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ និង ឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ មុខបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ ហួ គឹមសាន ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ អនុប្រធានក្រុមហ៊ុន អៅវ័រ តិចស្តា មានទីលំនៅផ្ទះលេខ២១៨ ផ្លូវ១៥៥ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបន្ដថា កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១ ជនរងគ្រោះកំពុងតែនៅផ្ទះស្រាប់តែឈ្មោះ ស៊ិន សុរ៉ែន ដែលប្រធានរដ្ឋបាលរោងចក្រ អៅវ័រ តិចស្តាយ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា កាតុងខោដែលត្រូវនាំចេញទៅប្រទេសក្រៅ បានបាត់ចំនួន៨កាតុង គិតជាទឹកប្រាក់ចំនួន ២០០០ដុល្លារ។

លុះដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះក៏បានឱ្យប្រធានរដ្ឋបាលហៅកម្មករ ដែលពាក់ព័ន្ធទាំងអស់មកធ្វើការសួរនាំ ដឹងថាជនសង្ស័យទាំង៣នាក់ ជាអ្នកធ្វើសកម្មភាពលួចយកកាតុងខោ ភ្លាមនោះ ជនរងគ្រោះក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ជួយអន្តរាគមន៍ និងប្រគល់ជនសង្ស័យទាំង២នាក់ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ ជនសង្ស័យ២នាក់ បានសារភាពថា កាតុងខោ និងខោលីអូដែលលួចបានយកទៅលក់ឱ្យជនសង្ស័យម្នាក់ទៀតឈ្មោះ រស់ គីមស្រេង ភេទស្រី អាយុ៣២ឆ្នាំ ស្ថិតនៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចសមត្ថកិច្ចក៏បានទៅសហការជាមួយសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ រស់ គីមស្រេង បានម្នាក់ទៀត នៅផ្ទះរបស់ជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេ (ជនសង្ស័យ) ពិតជាបានលួច និងទិញខោរបស់រោងចក្រអៅវ័រ តិចស្តាយ ជាច្រើនលើកប្រាកដមែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២