ប៉ូលីសថៃប្រើមាត្រា១១២ ចោទប្រកាន់មេដឹកនាំបាតុកម្ម៧នាក់ ពីបទប្រមាថព្រះមហាក្សត្រ

(បាងកក)៖ ប៉ូលិសថៃបានកោះហៅមេដឹកនាំបាតុករចំនួន០៧រូប នៃក្រុមប្រឆាំងរដ្ឋាភិបាល ដែលកំពុងប្រឈមមុខនឹង ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្យឱ្យចូលបង្ហាញខ្លួន ជុំវិញការអត្ថាធិប្បាយកំឡុងបាតុកម្មតវ៉ាទាមទារឱ្យមានកំណែទម្រង់របបរាជានិយមនាពេលកន្លងមក។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រភពពីមន្ត្រីប៉ូលិសថៃបានឲ្យដឹងថា “មេដឹកនាំបាតុករទាំង០៧រូបខាងលើនេះ មានពេលរហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីផ្ដល់ចម្លើយតបទៅនឹងការកោះហៅឱ្យបង្ហាញខ្លួន ពាក់ព័ន្ធនឹងការធ្វើអត្ថាធិប្បាយមួយចំនួន ដែលធ្វើឡើងននៅកំឡុងបាតុកម្មតវ៉ាកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ”។

ការកោះហៅឱ្យមេដឹកនាំក្រុមបាតុករទាំង ០៧រូបខាងលើកាលពីថ្ងៃអង្គារម្សិលមិញ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមបាតុករប្រកាសថាពួកគេនឹងបាតុកម្មដ៏ធំមួយនៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកានេះ ដោយក្រុមបាតុករគ្រោងនឹងប្រមូលផ្តុំគ្នា នៅឯការិយាល័យរាជសម្បត្តិ (Crown Property Bureau) ដែលជាភ្នាក់ងារគ្រប់គ្រង ទ្រព្យសម្បត្តិ នៃរបបរាជានិយមថៃ ដើម្បីទាមទារឱ្យព្រះមហាក្សត្រថៃ បោះបង់ចោលការគ្រប់គ្រងរាជសម្បត្តិផ្ទាល់ខ្លួន។ ទោះជាយ៉ាងណា ស្របពេលជាមួយគ្នាថៃនឹងដាក់ពង្រាយប៉ូលិសចំនួន៦ពាន់នាក់ នៅថ្ងៃទី២៥ ខែវិច្ឆិកា ដើម្បីត្រៀមទប់នឹងបាតុកម្មរបស់និស្សិត និងយុវជនដែលទាមទារ នឹងបានប្រកាសផងដែរថា គ្មានបាតុករណាម្នាក់នឹងត្រូវអនុញ្ញាតឱ្យមានសកម្មភាពនៅចំងាយ១៥០ម៉ែត្រ ពីការិយាល័យរាជសម្បត្តិនោះទេ។

នេះជាលើកទីមួយហើយដែលការចោទប្រកាន់បែបនេះត្រូវបានធ្វើឡើងក្រោមមាត្រា១១២ ដែលទាក់ទងនិងការប្រមាថព្រះមហាក្សត្រ នឹងការជេរប្រមាថដល់រាជវង្សក្នុងរយៈពេលជាងពីរឆ្នាំកន្លងមកនេះ។ប្រសិនបើមានការចោទប្រកាន់ជាផ្លូវការ ពីបទប្រមាថដល់ព្រះចេស្ដាព្រះមហាក្សត្រមែន នោះមេដឹកនាំបាតុករ អាចនឹងត្រូវប្រឈមមុខនឹងទោសជាប់ពន្ធនាគាររហូតដល់ទៅ ១៥ឆ្នាំឯណោះ។

គួរបញ្ជាក់ផងដែរថា ក្រុមចលនានិស្សិតរបស់ថៃ បានធ្វើការតវ៉ាអស់ជាច្រើនខែមកហើយ ដើម្បីទាមទារចំណុចសំខាន់ៗចំនួន ០៣ គឺលោក ប្រាយុទ្ធ ចាញ់អូចា ត្រូវចុះចេញពីតំណែងនាយករដ្ឋមន្ត្រី, ការកែប្រែរដ្ឋធម្មនុញ្ញ និង ការធ្វើកំណែទម្រង់រាជានិយមដែលកំពុងកាន់អំណាចលើសលប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២