លោក ដូណាល់ ត្រាំ នឹងចាកចេញពីសេតវិមាន បើលោក បៃដិនឈ្នះការ បោះឆ្នោត(Electoral College)

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំបាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ២៦ ខែវិច្ឆិកាថា លោកនឹងចាកចេញពីសេតវិមាន ប្រសិនបើអង្គបោះឆ្នោត(Electoral College)​ បោះឆ្នោតជ្រើសរើស លោក ចូ បៃដិនជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦  ទោះបីជាលោកនៅតែអះអាងថាការបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកាកន្លងមក  មានការលួចបន្លំសន្លឹកឆ្នោតយ៉ាងណាក៏ដោយ ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ លោកលោក ដូណាល់ ត្រាំ បាននិយាយថាប្រសិនបើលោក ចូ បៃដិន ដែលមកពីគណបក្ស ប្រជាធិបតេយ្យ ត្រូវបានបញ្ជាក់ថាជាអ្នកឈ្នះការបោះឆ្នោតដោយអង្គបោះឆ្នោតទាំង៥៣៨រូប នោះលោកនឹងចាកចេញពីសេតវិមាន។ លោក ដូណាល់ ត្រាំ បានគូសបញ្ជាក់បន្ថែមទៀតថា ក្នុងកាលៈទេសៈបច្ចុប្បន្ន លោកពិបាកនឹងទទួលស្គាល់ជ័យជម្នះរបស់លោកចូ បៃដិន ហើយលោកនៅតែអះអាងដដែលថាការបោះឆ្នោតកាលពីថ្ងៃទី ៣ ខែវិច្ឆិកា កន្លងមកមានការលួចបន្លំសន្លឹកឆ្នោត។

គួរជម្រាបថា នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅ លោកដូណាល់ ត្រាំ ទទួលបានអង្គបោះឆ្នោត២៣២​រូប  និងលោក ចូ បៃដិន ទទួលបាន៣០៦ រូប។ អង្គបោះឆ្នោតទាំងអស់ នឹងត្រូវជួបជុំគ្នានៅតាមរដ្ឋធានីនីមួយៗ របស់ខ្លួន នៅថ្ងៃទី១៤ ខែធ្នូខាងមុខនេះ ដើម្បីបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកទី៤៦ ជាផ្លូវការ  ហើយដើម្បីឈ្នះឆ្នោតក្លាយជាប្រធានាធិបតីបានត្រូវការសំឡេងគាំទ្រពីអង្គបោះឆ្នោតចំនួ​ន ២៧០រូប ក្នុងចំណោមអង្គបោះឆ្នោតទាំងអស់ ៥៣៨រូប ។ កម្មវិធីស្បថចូលកាន់តំណែង​ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក និងប្រព្រឹត្តិទៅនៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១ខាងមុខនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២