សកម្មជនហុងកុងលោក Joshua Wong ត្រូវឃុំឃាំងដាច់ដោយឡែកម្នាក់ឯងក្នុងពន្ធនាគារ

(ហុងកុង)៖ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងលោក Joshua Wong បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនមានបញ្ហាអ្វីនោះទេ ទោះបីត្រូវបានឃុំឃាំងដាច់ដោយឡែកតែម្នាក់ឯងក៏ដោយ បន្ទាប់ពីលោកត្រូវបានបញ្ជូនទៅកន្លែងឃុំឃាំងកាលពីដើមសប្តាហ៍នេះ ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ លោក Joshua Wong បានសារភាពកំហុសចំពោះការចោទប្រកាន់នៃការរៀបចំ និងញុះញង់ឲ្យមានការប្រមូលផ្តុំដោយគ្មានការអនុញ្ញាតនៅជិតទីស្នាក់ការប៉ូលីសដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីឆ្នាំមុន ខណៈដែលលោកមិនរំពឹងថានឹងមានការជំនុំជម្រះក្តីដោយយុត្តិធម៌នៅថ្ងៃទី ២ ធ្នូខាងមុខនោះទេ។

ទន្ទឹមនឹងការប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ លោក Joshua Wong បានប្រាប់អ្នកសារពជ័ត៌មានថា ជារៀងរាល់ថ្ងៃគាត់មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបន្ទប់ឃុំឃាំងដែលមានតែគាត់ម្នាក់ឯង ឬជួបអ្នកទោសផ្សេងទៀតទេ ហើយក៏ត្រូវបានហាមឃាត់មិនឱ្យលេងកីឡាផងដែរ។ លោក Joshua Wong បានបន្ថែមថា“ តាំងពីយូរមកហើយខ្ញុំបានបាត់បង់ទំនុកចិត្តលើប្រព័ន្ធច្បាប់នេះ ប៉ុន្តែប្រសិនបើខ្ញុំនិងសកម្មជនដទៃទៀតត្រូវបានផ្តន្ទាទោសនោះចលនាប្រជាធិបតេយ្យនឹងបន្តទៅមុខទៀត ខ្ញុំចង់ប្រាប់ពិភពលោកថាចលនាលិទ្ធិប្រជាធិបតេយ្យនៅហុងកុងនឹងមិនឈានដល់ទីបញ្ចប់ទេ ពីព្រោះ Agnes Chow, Ivan Lam និងខ្ញុំកំពុងជាប់ពន្ធនាគារនៅឡើយ” ។

សូមជម្រាបថា ការចាប់ខ្លួនលោក Joshua Wong និងសកម្មជនដទៃទៀតបានធ្វើឱ្យមានការរិះគន់ពីសហរដ្ឋអាមេរិក, អង់គ្លេស និងបណ្តាប្រទេសលោកខាងលិច ដោយចោទប្រកាន់ប្រទេសចិនថាមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការអនុញ្ញាតឱ្យទីក្រុងហុងកុងមានស្វ័យភាពពេញលេញ នៅពេលដែលអតីតម្ចាស់អាណានិគមអង់គ្លេសបានប្រគល់ការ គ្រប់គ្រងទៅឲ្យប្រទេសចិនវិញក្នុងឆ្នាំ ១៩៩៧ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២