(បាងកក)៖ មេដឹកនាំក្រុមបាតុករថៃដ៏លេចធ្លោបំផុតគឺលោក Anon Nampa រួមទាំងមេដឹកនាំបាតុករជាច្រើនរូបទៀត កាលពីថ្ងៃចន្ទ ម្សិលមិញនេះ បានបង្ហាញខ្លួននៅឯស្ថានីយប៉ូលិសមួយ ក្នុងទីក្រុងបាងកក តាមការកោះហៅ ខណៈដែលពួកគេកំពុងប្រឈមមុខ នឹងការចោទប្រកាន់ទោសពីបទ ប្រមាថព្រះមហាក្សត្រ Maha Vajiralongkorn ប៉ុន្តែប៉ូលិសមិនបានរារាំងពីការធ្វើបាតុកម្មរបស់ពួកគេនោះទេ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNAនៅថ្ងៃអង្គារ ទី០១ ខែធ្នូ ឆ្នាំ២០២០។
មេធាវីការពារសិទ្ធិមនុស្ស និងមេដឹកនាំបាតុកម្ម លោក Anon Nampa បានប្រាប់អ្នកយកព័ត៌មានថា“មាត្រា ១១២ គឺជាច្បាប់អយុត្តិធម៌… ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធនៅក្នុងប្រព័ន្ធយុត្តិធម៌។ លោក Anon Nampa បានបន្ថែមថា បាតុករទាំងអស់ នឹងមិនខ្លាចការសម្លុតគំរាម រហូតដល់បញ្ឈប់ការធ្វើបាតុកម្មតវ៉ា ដើម្បីទាមទារឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងការធ្វើកំណែទម្រង់ របបរាជានិយមថៃសព្វថ្ងៃនោះឡើយ។
សូមជម្រាបថា មេដឹកនាំបាតុកម្មសរុប ៧ នាក់ប្រឈមនឹងការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ។ ពួកគេនិងអ្នកតវ៉ារាប់សិបនាក់ផ្សេងទៀតប្រឈមនឹងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងបាតុកម្មចាប់តាំងពីខែកក្កដា។ នេះជាលើកទីមួយក្នុងរយៈពេលជាងពីរឆ្នាំដែលពួកគេត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រមាត្រា ១១២ ក្នុងក្រមព្រហ្មទណ្ឌប្រទេសថៃដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ៕




