ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក អះអាងថាមិនមានភស្ដុតាងណាមួយ បញ្ជាក់ពីការលួចបន្លំសន្លឹកឆ្នោតនោះទេ

វ៉ាស៊ីនតោន៖ អគ្គមេធាវីសហរដ្ឋអាមេរិកបានឲ្យដឹងនៅថ្ងៃអង្គារម្សិលមិញថា ក្រសួងយុត្តិធម៌អាមេរិករកមិនឃើញភស្ដុតាងណាមួយដែលអាចបញ្ជាក់ថាមានការលួច បន្លំសន្លឹកឆ្នោតឡើយ ហើយក៏មិនអាចកែប្រែលទ្ធផលបរាជ័យរបស់លោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Associated Press នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Bill Barr អគ្គមេធាវីសហរដ្ឋអាមេរិកបានគូសបញ្ជាក់ដូច្នេះថា៖ មកទល់នឹងពេលនេះ យើងមិនបានរកឃើញភស្ដុតាងណាមួយដែលអាចបញ្ជាក់បានថាការបោះឆ្នោតត្រូវបានលួចបន្លំ ដែលអាចឈានដល់ការកែប្រែដល់លទ្ធផលបោះឆ្នោតនោះទេ។
ការលើកឡើងរបស់លោក Bill Barr កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណោះ បន្ទាប់ពីលោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ ចោទប្រកាន់ដោយមិនបានបង្ហាញ ភស្ដុតាងថាក្រសួងយុត្តធម៌អាមេរិក អាចនិងមានជាប់ពាក់នឹងការលួចការបោះឆ្នោត ខណៈលោក Bill Barr ត្រូវបានគេរំពឹងថា នឹងត្រូវលោក ដូណាល់ ត្រាំ បណ្ដេញពីតំណែងមុនលោកបញ្ចប់អាណត្តិ។

គួរជម្រាបថា លោក ដូណាល់ ត្រាំ នៅតែបន្តអះអាងថាការបោះឆ្នោតមានលួចបន្លំសន្លឹកឆ្នោតនៅតាមរដ្ឋសំខាន់ៗដូចជា Georgia, Michigan និងរដ្ឋ Pennsylvania ដើម្បីរារាំងកុំឱ្យមានការទទួលស្គាល់ជាផ្លូវការនូវជ័យជម្នះរបស់លោកចូ បៃដិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២