អគ្គលេខាធិការអង្គការ NATO  អំពាវនាវឱ្យមានកិច្ចព្រមព្រៀងជាថ្មីរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ

(បរទេស)៖ អគ្គលេខាធិការអង្គការ NATO  លោក Jens Stoltenberg បានឲ្យដឹងថាកាលពីថ្ងៃអង្គារថា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO​) បានចាត់ទុកថា វាជារឿងចាំបាច់ដែលសហរដ្ឋអាមេរិក និងរុស្ស៊ីត្រូវមានកិច្ចព្រមព្រៀងជាថ្មី ស្តីពីការគ្រប់គ្រង និងកំណត់ក្បាលគ្រាប់អាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ  នៅថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០។

លោក Jens Stoltenberg ​បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានមួយក្រោយបញ្ចប់កិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសរបស់សមាជិកណាតូថា អ្នកចូលរួមបានសម្តែងការគាំទ្រសម្រាប់ការបង្កើតកិ​ច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែរឲ្យគ្រប់ជ្រុងជ្រោយ។ ទន្ទឹមនឹងការស្វាគមន៍កិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ីដើម្បីស្វែងរកផ្លូវឆ្ពោះទៅមុខ លោក Stoltenberg បាននិយាយបន្ថែមថា“ ពេលវេលាជិតអស់ហើយ….  យើងមិនគួរស្ថិតនៅក្នុងស្ថានភាពដែលគ្មានកិច្ចព្រមព្រៀងណាមួយដែលអាចកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរបាននោះទេ”។ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានចុះហត្ថលេខាលើសន្ធិសញ្ញាកាត់បន្ថយអាវុធថ្មី (New START) ក្នុងឆ្នាំ ២០១០ ហើយវានៅតែជាកតិកាសញ្ញាត្រួតពិនិត្យអាវុធនុយក្លេអ៊ែរតែមួយគត់ដែលមានជាធរមានរវាងប្រទេសមហាអំណាចនុយក្លេអ៊ែរទាំងពីរ។

សូមជម្រាបថា  ប្រសិនបើគ្មានការ ចរចាកិច្ចព្រមព្រៀងថ្មីទេ  នោះសន្ធិសញ្ញា (New START) នឹងផុតកំណត់នៅខែកុម្ភៈឆ្នាំក្រោយ ហើយអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីនឹងមិនត្រូវបានត្រួតពិនិត្យជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៧២ ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលសហរដ្ឋអាមេរិកបានច្រានចោលសំណើររបស់រុស្ស៊ីដើម្បីបន្តសន្ធិសញ្ញា (New START)ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២