នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធបានរួចផុតពីទោសរំលោភរដ្ឋធម្មនុញ្ញ នឹងបន្តធ្វើជានាយករដ្ឋមន្ត្រី

បាងកក៖ តុលាការរដ្ឋធម្មនុញ្ញ ថៃ កាលពីថ្ងៃពុធម្សិលមិញបានធ្វើការវិនិច្ឆ័យលើករណី នៃការបន្តស្នាក់នៅរបស់លោក ប្រាក់យុទ្ធ ចាន់អូឆា នៅក្នុងលំនៅឋានយោធាបន្ទាប់ពីលោកបានចូលនិវត្តន៍ជាមេបញ្ជាការកងទ័ពកាលពីខែកញ្ញាឆ្នាំ ២០១៤ថា មិនមានចំណុចណា ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ  ហើយបានអនុញ្ញាតឱ្យគាត់អាចស្នាក់នៅ និងបន្តកាន់អំណាចជានាយករដ្ឋមន្ត្រី ។​នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។

សាលក្រមតុលាការថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីជាតួនាទីដ៏សំខាន់ និងសន្តិសុខសម្រាប់លោកនិងក្រុមគ្រួសារលោក ក៏សំខាន់ដែរ ដូច្នេះរដ្ឋត្រូវតែផ្ដល់សន្តិសុខចាំបាច់ និងការស្នាក់នៅ ដែលមានសុវត្ថិភាព ហើយផ្ដល់ឯកជនភាពដែលអនុញ្ញាតឲ្យលោកបំពេញកាពត្វកិច្ចពេញលេញសម្រាប់ប្រទេសជាតិ។ ចំណែកគណបក្ស ភឿថៃ ដែលជាបក្សដើមបណ្តឹងនឹងនាំយកក្តីនេះទៅពិចារណា នឹងពិនិត្យឡើងវិញជាមួយនឹងអ្នកច្បាប់ ហើយនឹងបញ្ជូនបណ្តឹងតវ៉ាត្រឡប់ទៅតុលាការរដ្ឋធម្មនុញ្ញវិញក្នុងកំឡុងពេល ១៥ ថ្ងៃតាមការកំណត់របស់តុលាការ ។សូមបញ្ជាក់ថា ប្រសិនបើនាយករដ្ឋមន្រ្តីថៃណាម្នាក់ត្រូវបានរកឃើញថាមានកំហុសពីបទរំលោភលើក្រមសីលធម៌មន្រ្តី ឬរដ្ឋធម្មនុញ្ញនោះនឹងត្រូវដកសិទ្ធិ ហើយត្រូវបង្ខំឱ្យចុះចេញពីតំណែង។

សូមជម្រាបថា បន្ទាប់ពីតុលាការដ្ឋធម្មនុញ្ញថៃសម្រេចច្រានចោលការចោទប្រកាន់  និងអនុញ្ញាត្តឲ្យលោកប្រាយុទ្ធបន្តកាន់អំណាចធ្វើនាយករដ្ឋមន្ត្រី តែបន្តិចក្រោយមក ក្រុមនិស្សិតតវ៉ារាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅឯផ្លូវបំបែកមួយដែលមានភាពមមាញឹកបំផុតក្នុងទីក្រុងបាងកកដើម្បីរិះគន់សេចក្តីសម្រេចរបស់តុលាការ  ខណៈដែលមេដឹកនាំបាតុកម្មពួកគេ ៧ នាក់កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ នឹងការចោទប្រកាន់ផ្សេងទៀតទាក់ទងនឹងបាតុកម្មចាប់តាំងពីខែកក្កដាកន្លងមក៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២