(ហុងកុង)៖ សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោជាងគេនៅទីក្រុងហុងកុងគឺលោកJoshua Wong អាយុ ២៤ឆ្នាំ កាលពីថ្ងៃពុធម្សិលមិញនេះត្រូវបានតុលាការហុងកុងសម្រេចកាត់ទោសឲ្យជាប់ពន្ធនាគារ ១៣ខែកន្លះ បន្ទាប់ពីបានសារភាពទោសកំហុសចំពោះការចោទប្រកាន់ទាក់ទងនឹងការប្រមូលផ្តុំខុសច្បាប់តវ៉ាប្រឆាំងនិងរដ្ឋាភិបាល កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០។
ការសម្រេចកាត់ទោសដល់សកម្មជនហុងកុងនេះត្រូវបានធ្វើឡើង ស្របពេលដែលក្រុមអ្នករិះគន់រដ្ឋាភិបាលបានអះអាងថា ពួកគេកំពុងរងការបង្ក្រាប និងបាត់បង់សេរីភាព ដែលត្រូវបានធានាបន្ទាប់ពីអតីតអាណានិគមអង់គ្លេស ប្រគល់ទីក្រុងហុងកុងទៅឲ្យប្រទេសចិនវិញ កាលពីឆ្នាំ១៩៩៧ ហើយការចោទប្រកាន់ទាំងនេះ ក៏ត្រូវបានរដ្ឋាភិបាលទីក្រុងប៉េកាំង និងហុងកុងបដិសេធចោលផងដែរ។ ក្រុមអ្នកគាំទ្រលោកJoshua Wong ប្រមាណ ១០០ នាក់បានប្រមូលផ្តុំគ្នានៅខាងមុខតុលាការមុនការកាត់ទោសនេះខណៈដែលក្រុមគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំងមួយក្រុមតូចបានប្រមូលផ្តុំគ្នានៅខាងក្រៅដោយអំពាវនាវ ឲ្យ មានការកាត់ទោសកាន់តែធ្ងន់ធ្ងរ។
គួរជម្រាបថា ក្រៅពីលោក Joshua Wong មិត្តរួមក្រុមរបស់លោកប៉ុន្មាននាក់ទៀត រួមមានកញ្ញា Agnes Chowអាយុ ២៣ឆ្នាំត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ១០ខែ និងលោក អ៉ីវ៉ាន ឡាំ Ivan Lamអាយុ ២៦ឆ្នាំត្រូវជាប់ ០៧ខែបន្ទាប់ពីពួកគេបានសារភាពកំហុសចំពោះការចោទប្រកាន់ពាក់ព័ន្ធនឹងការឡោមព័ទ្ធទីស្នាក់ការប៉ូលីសនៅខែមិថុនាឆ្នាំ ២០១៩ កន្លងទៅ៕





