ខេត្តកោះកុង ៖ អ្នកទទួលទាននឹងទៅជាយ៉ាងណា ប្រសិនបើ សមត្ថកិច្ចចាប់មិនបាន ចំពោះសាច់មាន់ និងប្រហិតចម្រុះ ប្រមាណជា ១.០០២គីឡូក្រាម ត្រូវបាន មន្ត្រី អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួយប្រជែង និងបង្ក្រាបការក្លែងបន្លំ សាខា ខេត្តកោះកុង សហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តកោះកុង ដកហូត និងដុតកម្ទេចចោល។
សូមបញ្ជាក់ថា មន្ត្រីជំនាញបានត្រួតពិនិត្យលើសាច់មាន់ និងប្រហិតចម្រុះ រួមមាន៖ -សាច់មាន់ ឆ្អឹង ស្លាប និងគ្រឿងក្នុងមាន់ មានទម្ងន់ជាង៧០០គីឡូក្រាម និងប្រហិតចម្រុះ មានទម្ងន់ ជិត៣០០ គីឡូក្រាម។
ជាលទ្ធផលក្រោយពីការត្រួតពិនិត្យជាក់ស្តែងឃើញថា ផលិតផលខាងលើទំនិញរួមមាន សាច់មាន់ចម្រុះ និងប្រហិតចម្រុះ មានការវេចខ្ចប់ ការដឹកជញ្ជូន គ្មានការបង្កកត្រឹមត្រូវ នាំឲ្យទំនិញខូចគុណភាព មានក្លិនស្អុយ និងមានរុយរោមផងដែរ។
បន្ទាប់មកមន្រ្តីជំនាញបានសម្រេចធ្វើការដកហូត និងកម្ទេចចោលភ្លាមៗ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕


