ភ្នំពេញ ៖ សងសឹកគំនុំចាស់ កាលពីជាង២ឆ្នាំមុន គ្រាន់តែឃើញមុខភ្លាម ប៉ូលីសពាក់ស័ក្តិ៤ម្នាក់បំរើការងារនៅក្រសួងមហាផ្ទៃម្នាក់ ដកកាំភ្លើងបាញ់សំដៅ គូរសត្រូវ ចំនួន២គ្រាប់ បណ្ដាលឲ្យត្រូវចំជើងមួយគ្រាប់ រងរបួសហូរឈាម និងចំទ្វាកញ្ចក់មួយគ្រាប់ទៀតបែកខ្ទេច ផ្អើលប្រជាពលរដ្ឋ កាលពីម៉ោង៩យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ជាប់ព្រុំប្រទល់និងសង្កាត់ដង្កោ ខណ្ឌដង្កោ។
ជនសង្ស័យ ឈ្មោះ កេត ផារ៉េន អាយុ៣៩ឆ្នាំ មុនរបបជាមន្ត្រីប៉ូលីសស័ក្តិ៤ នៅក្រសួងមហាផ្ទៃ ចំណែក ជនរងគ្រោះឈ្មោះ ប៊ុន ស៊ិម អាយុ៣៩ឆ្នាំ មុខរបបនៅផ្ទះ ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។
ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ ជិះម៉ូតូចេញពីហូបចុកអីតិចតួចនៅម្ដុំបឹងត្របែក ហើយជូនមិត្តភក្តិមកផ្ទះនៅកន្លែងកើតហេតុ ខណៈមកដល់មុខផ្ទះ មួយភ្លេត ស្រាប់តែលេចមុខជនដៃដល់ដែលធ្លាប់ស្គាល់គ្នា តែមិនជិតស្និត បានចុះពីលើរថយន្ត មិនចាំម៉ាក ដើរឆ្លងផ្លូវមកសួរនាំមិត្តភក្តិគាត់មួយមាត់ពីរ រួចដើរទៅជិះរថយន្តវិញ នៅលើផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ក៏បើកកញ្ចក់រថយន្ត ដកកាំភ្លើងខ្លីបាញ់សំដៅមកជនរងគ្រោះ ដែលនៅផ្លូវម្ខាងទៀតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ចំនួន២គ្រាប់ ដោយមួយគ្រាប់ចំជើងខាងស្ដាំ និងមួយគ្រាប់ទៀតចំទ្វាកញ្ចក់មួយផ្ទាំងបែកខ្ទេច រួចហើយក៏បើករថយន្តគេចខ្លួនបាត់។
ចំណែកឯជនរងគ្រោះក៏ប្រញាប់ទៅមន្ទីពេទ្យដើម្បីពិនិត្យនិងលាងរបួស។ មួយសន្ទុះក្រោយមក ជនរងគ្រោះបានមកកន្លែងកើតហេតុវិញ ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកសារព័ត៌មាន និងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលបឹងទំពុន២ រួមទាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាល ដង្កោ ចុះមកដល់ហើយរុញដាក់គ្នា ទើបជនរងគ្រោះសម្រេចចិត្តយកសម្ប កន្ទុះ នៅសល់មួយគ្រាប់ទុក រង់ចាំទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យជួយស្រាវជ្រាវចាប់ជនបង្កយកមកផ្ដន្ទាទោសតាមច្បាប់៕


