មេដឹកនាំបាតុកម្មទាមទារឱ្យរដ្ឋាភិបាលថៃលុបចោលច្បាប់ប្រមាថព្រះមហាក្សត្រ

(បាងកក)៖ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មេដឹកនាំបាតុកម្មថៃបានប្រកាសទាមទារឱ្យមានការលប់ចោលមាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលជាប់ពាក់ពន្ធ័និងការប្រមាថមើលងាយព្រះមហាក្សត្រ និងអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់មាត្រា១១២នេះ ដើម្បីប្រឆាំងនឹងក្រុមបាតុករដែលកំពុងធ្វើបាតុកម្មដោយស្របច្បាប់៕នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន bangkokpostនៅថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០។

នៅឯការប្រមូលផ្តុំគ្នាដើម្បីរលឹកខួបទិវារដ្ឋធម្មនុញ្ញ ថ្ងៃទី១៤ ខែតុលា ១៩៧៣ មេដឹកនាំបាតុកម្ម Parit “Penguin” Chiwarak បាននិយាយថា “មនុស្ស ២៥នាក់កំពុងត្រូវបានកាត់ទោសតាមមាត្រា ១១២  ទោះបីជាអាជ្ញាធរបានសន្យាថាមិនប្រើច្បាប់នេះដើម្បប្រឆាំងនិងក្រុមបាតុករក៏ដោយ…. ការប្រើប្រាស់មាត្រា១១២ នឹងបណ្តាលឲ្យមានជម្លោះនយោបាយគ្មានទីបញ្ចប់ ហើយក្រុមបាតុករនឹងប្រមូលផ្ដុំគ្នាតវ៉ានៅកន្លែងណាដែលមានការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ”។ លោក Parit បាននិយាយបន្ថែមថា “ក្រុមរបស់លោកនឹងធ្វើអ្វីក៏ដោយតាមដែលអាចធ្វើទៅបានដើម្បីបញ្ចប់មាត្រា១១២…. លោកមិនខ្លាចច្បាប់នោះទេ”។

កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែល ក៏មានបាតុករមួយក្រុមផ្សេងទៀត បានធ្វើបាតុកម្មនៅមុខការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ និងបានស្នើសុំឱ្យអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិដាក់សម្ពាធឱ្យរដ្ឋាភិបាលថៃដើម្បីលុបចោលផ្នែកទី១១២ នៃក្រមព្រហ្មទណ្ឌ និងបញ្ឈប់ការប្រើប្រាស់វាដើម្បីប្រឆាំងនឹងមេដឹកនាំបាតុកម្ម។

គួរបញ្ជាក់ថា បាតុកម្មនៅទីក្រុងបាងកកបានផ្ទុះឡើង ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ដើម្បីទាមទារឲ្យអតីតមេដឹកនាំយោធាថៃ និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្នលោក ប្រាយុទ្ធ ចាន់អូចា លាលែងចេញពីតំណែង និងកាត់បន្ថយអំណាចដ៏លើសលប់របស់ព្រះមហាក្សត្រថ្មីព្រះបាទ Maha Vajiralongkorn៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២