ក្រុមហ៊ុន Pfizer/BioNTech ចាប់ផ្តើមចែកចាយវ៉ាក់សាំង COVID-19 របស់ខ្លួន នៅទូទាំងសហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុន Pfizer/BioNTech បានដឹកជញ្ជូនវ៉ាក់សាំង COVID-19 របស់ខ្លួន តាមរយៈរថយន្តកុងតឺន័រ និងយន្ដហោះ ដោយចាកចេញពីរោងចក្រផលិតនៅរដ្ឋមីឈីហ្គែនហើយ នៅថ្ងៃ​ចន្ទនេះ ដើម្បីយកទៅចែកចាយឲ្យប្រើប្រាស់ នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃចន្ទ ទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្នុងដំណាក់កាលដំបូង វ៉ាក់សាំងចំនួន ៣លានដូស ត្រូវបានគេរំពឹងថានឹងត្រូវចែកចាយនៅទូទាំងសហរដ្ឋអាមេរិក។ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ នៅឡើយទេថាតើនរណានឹងទទួលការចាក់វ៉ាក់សាំងមុនគេ ខណៈបុគ្គលិកសុខាភិបាល, អ្នកនៅជួរមុខប្រយុទ្ធជាមួយ COVID-19 និងមនុស្សងាយរងគ្រោះ ត្រូវបានគេជឿជាក់ថានឹងទទួលការចាក់វ៉ាក់សាំងជាអាទិភាព។

បើតាមក្រុមមន្ត្រីអាមេរិក ការដឹកជញ្ជូនវ៉ាក់សាំង នឹងត្រូវធ្វើជាដំណាក់កាល ដោយក្នុងដំណាក់កាលដំបូងនេះ នឹងទៅដល់មណ្ឌលចែកចាយចំនួន ១៤៥កន្លែងនៅចន្ទនេះ ហើយគោលដៅចំនួន៤២៥កន្លែងផ្សេងទៀត នឹងទទួលបានវ៉ាក់សាំងនៅថ្ងៃអង្គារ និង៦៦កន្លែងទៀតគឺនឹងទទួលបាន វ៉ាក់សាំងនៅថ្ងៃពុធ។សកម្មភាពនេះ ត្រូវបានគេចាត់ទុកថាជា ជំហានដ៏សំខាន់ ក្នុងការទប់ស្កាត់ជំងឺ COVID-19 នៅសហរដ្ឋអាមេរិក។

សូមជម្រាបថា គិតត្រឹមថ្ងៃចន្ទទី១៤នេះ សហរដ្ឋអាមេរិកនៅតែបន្តឈរលំដាប់ទីមួយក្នុងនាមជាប្រទេសដែលមានអ្នកឆ្លងជំងឺ COVID-19ច្រើនបំផុត ដែលមានករណីឆ្លងសរុបជាង១៦លាននាក់ និងមានស្លាប់ប្រមាណ២,៤០០នាក់ជារៀងរាល់ថ្ងៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២