បរទេស៖ បេសកកម្មអន្តរជាតិដែលដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) និងក្រុមវេជ្ជសាស្រ្ត នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសចិននៅសប្តាហ៍ដំបូងនៃដើមឆ្នាំក្រោយនេះ ដើម្បីស៊ើបអង្កេតពីប្រភពដើមនៃវីរុសដែលបង្កឱ្យមានជំងឺរាតត្បាតឆ្លងរាលដាលពាសពេញពិភពលោក បន្ទាប់ពីមានការយល់ព្រមពីប្រទេសចិន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែធ្នូ ឆ្នាំ២០២០។
បច្ចុប្បន្នជំងឺCOVID-19 បានសម្លាប់មនុស្សជាង១.៦លាននាក់និងឆ្លងជាង៧៣លាននាក់នៅទូទាំងពិភពលោក ខណៈដែលមិនទាន់មានប្រភពជាក់លាក់ថាតើវីរុសនេះមកពីណានិងឆ្លងមកមនុស្សតាមរបៀបណាដែលវានៅតែជាអាថ៌កំបាំងនៅឡើយ។ ឥឡូវក្រុមអ្នកជំនាញអន្តរជាតិ ១២-១៥ នាក់ដែលដឹកនាំដោយ WHO កំពុងត្រៀមទៅទីក្រុងវូហានដើម្បីពិនិត្យមើលភស្តុតាងរួមទាំងសំណាកមនុស្សនិងសត្វដែលប្រមូលដោយអ្នកស្រាវជ្រាវជនជាតិចិននិងដើម្បីបង្កើតការសិក្សាដំបូងរបស់ពួកគេ។ លោកស្រី Thea Fischer សមាជិកមកពីប្រទេសដាណឺម៉ាកបាននិយាយថា “ក្រុមការងារនឹងចាកចេញទៅកាន់ប្រទេសចិនបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី សម្រាប់បេសកកម្មរយៈពេល ៦សប្តាហ៍ ខ្ញុំរំពឹងថាបេសកកម្មនេះនឹងកើតឡើងឆាប់ៗនេះ”។
សូមជម្រាបថា សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសចិនថា បានលាក់បាំងព័ត៌មាននៃការផ្ទុះឡើងនៃជំងឺ COVID-19 និងបានអំពាវនាវឱ្យមានការស៊ើបអង្កេតដែលដឹកនាំដោយអង្គការសុខភាពពិភពលោកប្រកបដោយតម្លាភាព និងបានរិះគន់លក្ខខណ្ឌរបស់ចិនដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្រចិនធ្វើការស្រាវជ្រាវពីប្រភពជំងឺនេះនៅដំណាក់កាលដំបូង។ គួររំលឹកថា ប្រទេសចិនបានរាយការណ៍ពីករណីដំបូងនៃជំងឺ COVID-19របស់ខ្លួន នៅក្នុងទីក្រុង Wuhan ភាគកណ្តាលប្រទេសចិនដល់អង្គការសុខភាពពិភពលោកនៅថ្ងៃទី៣១ ខែធ្នូ៕