ភ្នំពេញ ៖ បុរសជាអ្នកគួកជេរដី ចងការលុយ និងគួកជេររថយន្ត ត្រូវបានជនសង្ស័យ បាញ់ប្រហារចំនួន៤គ្រាប់ ត្រូវចំ ៣គ្រាប់ បណ្តាលអោយស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ហេតុការណ៍បាញ់ប្រហារគ្នានេះ កើតឡើង កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ស្ថិតនៅក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ចំណាន អាយុប្រមាណជា ៤០ឆ្នាំ ជាអ្នកគួកជេរដី ចងការលុយ និងគួកជេររថយន្ត មានលំនៅ ក្នុងភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកចេញមន្ទីរពេទ្យកាល់ម៉ែត យកទៅតម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅវត្តទួលសុភាឃួន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នៅកន្លែងកើតហេតុឃើញមានម៉ូតូម៉ាក PCX ចំនួនពីរគ្រឿង ក្នុងនោះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 1ID-477 ពណ៌ស ហើយគ្រឿងអលង្កាមានតម្លៃនៅលើខ្លួនជនរងគ្រោះ និងម៉ូតូ គឺមិនមានការបាត់បង់នោះទេ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះអាចជាករណីគំនុំច្រើនជាង ករណីបាញ់ប្លន់ ពីព្រោះទ្រព្យសម្បត្តិរបស់ជនរងគ្រោះ គឺមិនមានការបាត់បង់នោះ។ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថកំពុងតែធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីស្វែងរកឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕


