វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែធ្នូបានត្រៀមបញ្ជូនវ៉ាក់សាំងការពារមេរោគ COVID-19 ថ្មីចំនួន ៥,៩ លានដូសរបស់ក្រុមហ៊ុនModerna ទៅកាន់មន្ទីរទេព្យនានា ស្របពេលដែលប្រទេសនេះមានអត្រាអ្នកស្លាប់ដោយជំងឺCOVID-19 ជារៀងរាល់ថ្ងៃរហូតដល់ជាង ៣,៥០០ នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។
ក្រុមអ្នកប្រឹក្សារបស់ FDA កំពុងថ្លឹងថ្លែងពីសុវត្ថិភាពនិងប្រសិទ្ធភាពវ៉ាក់សាំងរបស់ ក្រុមហ៊ុនModernaនៅឯកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ហើយត្រូវបានគេរំពឹងថានឹងបោះឆ្នោតគាំទ្រឲ្យប្រើប្រាស់ជាបន្ទាន់ ហើយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក (FDA) អាចនឹងសម្រេចភ្លាមៗនៅថ្ងៃសុក្រនេះផងដែរ។
រដ្ឋមន្រ្តីក្រសួងសុខាភិបាលអាមារិក លោក Alex Azar បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា យើងបានត្រៀមវ៉ាក់សាំងចំនួន៥.៩ លានដូស ជាស្រេចដើម្បីចាប់ផ្តើមដឹកជញ្ជូនដល់មន្ទីរពេទ្យនានានៅចុងសប្តាហ៍នេះ វ៉ាក់សាំងនិងត្រូវបានគេបែងចែកសម្រាប់អភិបាលរដ្ឋនីមួយៗ ហើយត្រៀមដឹកជញ្ជូនទៅទូទាំងប្រទេសនៅសប្តាហ៍ក្រោយ។
វ៉ាក់សាំងក្រុមហ៊ុន Moderna ដែលមានតម្រូវការរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់តិចជាង វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ដែលធ្វើឱ្យវាក្លាយជាជម្រើសល្អប្រសើរសម្រាប់តំបន់ដាច់ស្រយាលនិងជនបទ។ ថ្នាំទាំងពីរប្រភេទនេះ មានប្រសិទ្ធភាពប្រហែល ៩៥ ភាគរយក្នុងការបង្ការជំងឺក្នុងការសាកល្បងព្យាបាល។
សូមជម្រាបថា វ៉ាក់សាំង Pfizer / BioNTech បានចាប់ផ្តើមដឹកជញ្ជូនកាលពីចុងសប្តាហ៍មុនហើយនៅតែបន្តធ្វើដំណើរទៅកាន់មន្ទីរពេទ្យនានានៅទូទាំងប្រទេសនិងចូលទៅក្នុងដៃរបស់បុគ្គលិកសុខាភិបាលជួរមុខ។ ប៉ុន្តែព្យុះព្រិលធំដំបូងបង្អស់នៅរដូវរដូវរងានេះ បានរំខានដល់ការចែកចាយវ៉ាក់សាំងនៅភាគឥសាន។ ឧត្តមសេនីយ Gustave Perna ប្រធានផ្នែកចែកចាយវ៉ាក់សាំង បានប្រាប់អ្នកយកព័ត៌មានថាក្រុមហ៊ុនចែកចាយវ៉ាក់សាំង FedEx Corp និង United Parcel Service បានផ្អាកការដឹកជញ្ជូនរបស់ពួកគេដើម្បីរក្សាវ៉ាក់សាំងឲ្យមានសុវត្ថិភាព រហូតដល់ពេលដែលអាចចែកចាយបន្តទៀតបាន ៕
