ប្រទេសជាច្រើននៅលើពិភពលោក បិទព្រំដែនជាមួយអង់គ្លេសដើម្បីការពារCOVID-19ប្រភេទថ្មី

អង់គ្លេស៖ នៅដើមសប្តាហ៍នេះ បណ្តាប្រទេសជាច្រើននៅទូទាំងពិភពលោកបានផ្អាកជើងហោះហើររបស់ពួកគេជាមួយប្រទេសអង់គ្លេស ដោយសារតែការភ័យខ្លាចចំពោះជំងឺឆ្លង COVID-19ប្រភេទថ្មី  ខណៈដែលអង្គការសុខភាពពិភពោក(WHO)អះអាងថា ពុំទាន់ចាំបាច់ត្រូវប្រកាសអាសន្ន កម្រិតធ្ងន់នៅឡើយទេ ជុំវិញការរកឃើញវីរុស COVID-19ប្រភេទថ្មីនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន reuters នៅថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០។

ប្រទេសឥណ្ឌា, ប៉ាគីស្ថាន, ប៉ូឡូញ, អេស្ប៉ាញ, ស្វីស, ស៊ុយអែត, រុស្ស៊ី, ហ្សកដានី និងហុងកុងបានផ្អាកការធ្វើដំណើរសម្រាប់ជនជាតិអង់គ្លេស បន្ទាប់ពីនាយករដ្ឋមន្រ្តី Boris Johnson បានប្រកាសថា មានករណីឆ្លងវីរុស COVID-19ថ្មីមួយប្រភេទ ដែលហាក់មានសមត្ថភាពឆ្លងរាលដាលឆាប់រហ័សជាងវីរុស COVID-19 ធម្មតារហូតដល់៧០ភាគរយ។

កាលពីចុងសប្តាហ៍ប្រទេសមួយចំនួនទៀតបានរារាំងការធ្វើដំណើរពីអង់គ្លេសមកកាន់ប្រទេសរបស់ខ្លួន រួមមានបារាំង,អាល្លឺម៉ង់,​អ៊ីតាលីហូឡង់,​អូទ្រីស,​អៀរឡង់,​បែលហ្ស៊ិក​និងកាណាដា ទោះបីអ្នកជំនាញបាននិយាយថាជំងឺនេះអាចនឹងត្រូវបានឆ្លងរួចហើយនៅក្នុងប្រទេសដែលមានកំរិត និងវិធីសាស្ត្រស្រាវជ្រាវទាបជាងចក្រភពអង់គ្លេស។

ប្រទេសបារាំងបានបិទព្រំដែនរបស់ខ្លួនចំពោះការមកដល់របស់ប្រជាជននិងរថយន្តដឹកទំនិញពីប្រទេសអង់គ្លេសដោយបិទនូវសរសៃឈាមពាណិជ្ជកម្មដ៏សំខាន់បំផុតមួយជាមួយអឺរ៉ុបដីគោក។ រថយន្តដឹកទំនិញជាច្រើនគ្រឿងបានបម្រុងទុកនៅចម្ងាយរាប់គីឡូម៉ែត្រនៅតាមបណ្តោយផ្លូវហាយវេឆ្ពោះទៅកាន់កំពង់ផែDover ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់របស់ចក្រភពអង់គ្លេសជាមួយបណ្តាប្រទេសអ៊ឺរ៉ុប។

ទោះបីជាបណ្តាប្រទេសជាច្រើនបានផ្អាកជើងហោះហើរជាមួយអង់គ្លេសដើម្បីការពារវីរ៉ុស COVID-19 ប្រភេទថ្មីនេះក្តី ប៉ុន្តែអង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា បច្ចុប្បន្នមិនទាន់មានភាពចាំបាច់ ត្រូវប្រកាសអាសន្នកម្រិតធ្ងន់ ចំពោះការរកឃើញទម្រង់ថ្មីនៃវីរុស COVID-19 នេះនៅឡើយទេ ដោយមិនទាន់មានការបញ្ជាក់ណាមួយថា ទម្រង់ថ្មីនេះអាចធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏មានភាពកាចសាហាវជាង COVID-19 ធម្មតាដែរ។

គួរជម្រាបថា ចក្រភពអង់គ្លេស បានរកឃើញវីរុសប្រភេទថ្មីនេះគឺទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលការចាក់វ៉ាក់សាំងត្រូវបានគេរំពឹងថាអាចធ្វើបាននៅទូទាំងប្រទេស ដែលជំងឺនេះបានសម្លាប់មនុស្សប្រហែល ១,៧ លាននាក់នៅទូទាំងពិភពលោក និងជាង ៦៧.០០០ នាក់នៅចក្រភពអង់គ្លេស។ បណ្តាមន្រ្តីអឺរ៉ុបបានជួបប្រជុំតាមរយៈរប្រព័ន្ធវីដេអូដើម្បីសម្របសម្រួលការឆ្លើយតបរបស់ពួកគេចំពោះបញ្ហានេះ។សូមបញ្ជាក់ថា សហគមន៍អ៊ឺរ៉ុបកំពុងចាប់ផ្តើមចាក់វ៉ាក់សាំងនៅពេលឆាប់ៗនេះ បន្ទាប់ពីនិយតករឱសថរបស់ខ្លួនបានយល់ព្រមប្រើប្រាស់ការចាក់វ៉ាក់សាំងពីក្រុមហ៊ុន Pfizer និង BioNTech កាលពីថ្ងៃច័ន្ទ៕ 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២