ភ្នំពេញ ៖ លោក មាន ចាន់យ៉ាដា អភិបាលរង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះ តំណាង ឯកឧត្តម អភិបាលរាជធានី ភ្នំពេញបាននាំយកបច្ច័យ ចូលបុណ្យ រំលែកទុក្ខ ជាមួយក្រុមគ្រួសារ ដែលកំពុងប្រារព្វពិធីបុណ្យ នៅគេហដ្ឋាន ក្បែរសាលាបាក់ទូក។
លោក មាន ចាន់យ៉ាដា មានប្រសាសន៍ថា ខ្ញុំពិតជាក្តុកក្តួលនិងមានការសោកស្តាយជាខ្លាំង នៅពេលលឺដំណឹងថា លោក រ៉េត ស៊ីណែត ហៅ ញ៉ក់ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ត្រូវបានជនដៃដល់ បាញ់សម្លាញ់ កាលពីយប់មិញនេះ។ ញ៉ក់ គឺជាបុគ្គលមានទំនួលខុសត្រូវខ្ពស់ លើការងាររបស់ខ្លួន ដែលតែងតែចូលរួមសម្រេចការងារធំៗជាច្រើន ដើម្បីសេចក្តីសុខ របស់ប្រជាពលរដ្ឋនិងប្រទេសជាតិទាំងមូល។
ក្នុងនោះដែរក៏មានការចូលរួមសោកស្តាយ ចំពោះ លោក ញ៉ក់ ដែលជាអ្នកលក់បាយ ដ៏ល្បីឈ្មោះ ជាង៣០ឆ្នាំមកហើយ ពីការរួសរាយ រាក់ទាក់ និយាយលេងសើចជាមួយ អតិថិជន ដូចជា អ្នកនាង មាស សុវណ្ណរតនា បានសរសេរ នៅលើហ្វេសបុកថា “ចូលរួមរំលែកទុក្ខផងបង ហ៊ឺបងអើយ បាននរណាជជែកលេងពេលខ្ញុំទៅហូបបាយ នរណាគេក៏ឃោឃៅម៉្លេះ មនុស្សដែលនាំអោយគេសើចសប្បាយ”។
ក្រៅពីនេះមាន ហ្វេសបុកជាច្រើនទៀត ក៏បានសម្តែងការសោកស្តាយ និងចូលរួម រំលែកទុក្ខផងដែរ។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សមត្ថកិច្ចបានរកឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX300 ត្រូវបានជនសង្ស័យ នៃការបាញ់សម្លាប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលយកទៅប្លុងចោល នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រថយន្តត្រូវបានក្រុមជនង្ស័យដោះស្លាកលេខចេញ និងគេចខ្លួនបាត់អស់៕


