ពលករខ្មែរនៅថៃ ផឹកស៊ីជុំគ្នា ស្រឹវឹងទៅផ្ទះមិនរួច សុំគេដេក ប្រពន្ធមកឃើញប្រច័ណ្ឌ ចាក់ប្តីសម្លាប់ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួន

ថៃ ៖ ពលរករខ្មែរ ធ្វើការនៅថៃ បានណាត់ជួបជុំគ្នា ផឹកស៊ី ដោយបុរសម្នាក់ ស្រវឹងខ្លាំងពេក ទៅបន្ទប់ស្នាក់ មិនរួច ក៏សុំដេកនៅផ្ទះដែលជុំគ្នាផឹកស៊ីនោះ ប្រពន្ធ កើតក្តីប្រច័ណ្ឌ បានយកកាំបិតចុងស្រួច ចាក់សម្លាប់ប្តី ប៉ុន្តែត្រូវបាន​តម្រួត​ថៃ​ ចាប់ខ្លួន​ភ្លាមៗ ពីបទ​ឃាតកម្ម​ដោយ​ចេតនា។​

ហេតុការណ៍ពលករខ្មែរចាក់សម្លាប់ប្តីដោយភ្លើងប្រច័ណ្ឌនេះ ​កើតឡើង​កាលពី​ម៉ោង៤និង៣០នាទី ទៀបភ្លឺ ព្រឹក​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ ២០២១ គឺ​ស្ថិតនៅលើ​អគារអា​ផាត​មិន ជាន់​ទី៣ ខាងមុខ​បន្ទប់​លេខ C6 ត្រង់ចំណុច​ផ្លូវ​ពោធិ​សាន៨/១ ក្នុង​ឃុំ​ណា​ក្លឿ ស្រុក​បាង​ឡាក់​មុង ខេត្តឈុន​បុរី ប្រទេស​ថៃ។​

ជនរងគ្រោះ​ ឈ្មោះ អា​នុ​ន ភឿ​ក​ឆា​យ៉ា អាយុ២៧ឆ្នាំ ជា​អ្នករស់នៅ​ខេត្តនគររាជ​សីមា ព្រមទាំង​មាន​ស្នាម​ចាក់១កាំបិត ត្រង់​ក្រោម​ដោះ​ខាងឆ្វេង បណ្តាលអោយ​ស្លាប់​ភ្លាមៗ​តែម្តង។ រីឯ​ជនបង្ក​ដែលជា​ភរិយាមានឈ្មោះ វ៉ាន់ លីន អាយុ២៧ឆ្នាំ ជា​ពលករ​ខ្មែរ​រស់នៅ​ប្រទេស​ថៃ។​

​ស្ត្រី​ម្នាក់​ឈ្មោះ ម៉ៃ សាវ​អុន អាយុ២៨ឆ្នាំ ជា​ពលករ​ខ្មែរ និង​ជា​ម្ចាស់​បន្ទប់កើត​ហេតុ ​បានអោយដឹងថា កាលពី​ព្រលប់​មុនពេល​កើតហេតុ គឺ​រូបនាងជាមួយនិង​ជនរងគ្រោះ ព្រមទាំង​​​មិត្តភ័ក្ដិ​ផ្សេ​ង​ទៀត បាននាំគ្នា​ទៅ​ផឹក​លេង​ជុំគ្នា។​ ក្រោយពី​កម្មវិធី​ត្រូវបាន​បញ្ចប់ ពួកគេ​ក៏បាន​ជូន​មិត្តភ័ក្ដិ​ត្រឡប់​ទៅកន្លែងដេក ដោយឡែក​បុរសរងគ្រោះ​បាន​និយាយថា គេ​មិនអាច​ធ្វើដំណើរ​ទៅផ្ទះ​បានទេ​ដោយសារ​ស្រវឹង​ហើយ។ នៅពេល​នោះដែរ ​នាង​ក៏​ បាន​ក្រាល​ពូក​នៅ​ជ្រុង​មួយនៃ​បន្ទប់​របស់​នាង​ដើម្បី​អោយគេ​សម្រាក​នៅ​ទីនោះ ប៉ុន្តែ​ជា​ចៃដន្យនាង វ៉ាន់ លីន ដែលជា​ភរិយាបាន​តាមដាន​មក​ឃើញ​ក៏បាន​ទាញ​កូនកាំបិតចាក់ទៅលើ​ស្វាមី​របស់​នាង បណ្តាលអោយ​ស្លាប់​តែម្តង។​

ម្រួត​ថៃ​បាន​ចុះ​ពិនិត្យ​ទីតាំង​កើតហេតុ ព្រមទាំង​បាន​រកឃើញ​វត្ថុតាង​ គឺ​កូនកាំបិត​ដែល​ប្រលាក់​ឈាម​ប្រវែង​ប្រមាណ២០​សង់ទីម៉ែត្រ​ ទើប​សមត្ថកិច្ច​បាន​នាំខ្លួន​ស្ត្រី​ទាំង២រូបនេះ​ធ្វើការ​សាកសួរ រីឯ​សព​ក៏ត្រូវ​បាន​យក​ទៅរក្សា​ទុក​ដើម្បី​ធ្វើ​កោសល្យវិច័យ​ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២