ប្រពន្ធទ្រហោយំស្ទើរតែបាត់ស្មារតី បន្ទាប់ពីប្តីជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តមួយគ្រឿង បុក​​ប៉ើង​​ជាង​២០​ម៉ែត្រ ​ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ

ភ្នំពេញ ​៖ ក្រោយពីមកឃើញសភាពសាកសពប្តី ស្រ្តីជាប្រពន្ធ បានស្រែកទ្រហោយំ ស្ទើរតែបាត់ស្មារតី បន្ទាប់ពីប្តីជួបគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវរថយន្ត មួយគ្រឿងមិនស្គាលម៉ាក បុក​​ប៉ើង​​ជាង​២០​ម៉ែត្រ បណ្តាល ​ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាល​ពី​ម៉ោង៩និង​២០​នាទី​យប់ ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ចំណុច​ជិត​ច្រកចូល​សាលាខណ្ឌ​មានជ័យ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ផែន ចាន់ទី ហៅ​ប៉ា​ជូ​លី អាយុ​៣៣ ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល នៅក្នុង​ភូមិ​ព្រែ​កតា​នូ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ មាន​ស្រុកកំណើត​នៅ​ភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​។​

​​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ឌ្រី​ម​សង់​សេ ២០១២ ពណ៌​ខ្មៅ មួយគ្រឿង​ពាក់​ផ្លាកលេខ​ភ្នំពេញ 1-BC 7511 ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ស្រាប់​តែមាន​រថយន្ត​មិន​ចាំ​ម៉ាក​មួយគ្រឿង​ទៀត បើក​ស្របគ្នា​ក្នុង​ល្បឿន​លឿន មក​បុក​ម៉ូតូ​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ប៉ើង​ទៅមុខ​ជាង​២០​ម៉ែត្រ បណ្តាល​ឲ្យ​ម្ចាស់​ម៉ូតូ​ជា​ជនរងគ្រោះ​ដួល​បោក​ក្បាល​នៅ​នឹង​ថ្នល់ ស្លាប់​ក្នុង​ថ្លុកឈាម​។​

​ក្រោយ​កើតហេតុ​ខាងលើ សមត្ថកិច្ច​មូលដ្ឋាន​ស​ហ​ការ​ជាមួយ​ខាង​ចរាចរណ៍​ជំនាញ​ខណ្ឌមានជ័យ ចុះមក​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សាទុក និង​ធ្វើ​កំណត់ហេតុ​ប្រគល់​សព ទៅ​ឲ្យ​ក្រុមគ្រួសារ​ដឹក​យកទៅ​ស្រុកកំណើត ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែកឯ​រថយន្ត​បង្ក សមត្ថកិច្ច​នឹងធ្វើ​ការ​ស្រាវជ្រាវ​បន្ត តាម​ឃាត់​មក​ចាត់ការ​ទៅតាម​នីតិវិធី​ផ្លូវច្បាប់​៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២