ភ្នំពេញ ៖ បន្ទាប់ពី មានប្រជាពលរដ្ឋរាយការណ៍ថា បានធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ បង្កឲ្យប៉ះពាល់ដល់សុខភាព អ្នករស់នៅជុំវិញនោះ បានអាជ្ញាធរចុះទៅណែនាំ ម្ចាស់សិប្បកម្មផលិតទឹកកក មួយកន្លែងនៅម្តុំអាងទឹក ច្រាំងចំរេះ និងធ្វើការព្រមានសុំគោលការណ៍បិទអាជីវកម្ម បើមិនស្តាប់តាមការណែនាំនិងអនុវត្តតាមអាជ្ញាធរ ។
បើតាមប្រភពបានឲ្យដឹងថា គេពុំដឹងពីមូលហេតុ ចំពោះការធ្លាយសាយភាយជាតិ អាម៉ូញ៉ាក់ នេះនៅឡើយទេ។ ប៉ុន្តែនៅមុនពេលកើតហេតុ ខណៈពលរដ្ឋក្បែរខាងកំពុងហូបបាយស្រាប់តែជាតិឧស្ម័នពុល ក្លិន អាក្រក់ ពិបាកទ្រាំ បានសាយភាយធ្វើឲ្យ អ្នកភូមិថប់ដង្ហើម ហើយបានរាយការណ៍ទៅអាជ្ញាធរដើម្បីមានវិធានការណ៍។
នៅក្នុងការត្រួតពិនិត្យនោះ គណៈកម្មការក៏បានឲ្យដឹងថា សិប្បកម្មនេះ បានលេចធ្លាយ អាម៉ូញ៉ាក់ ពិតមែន ដោយសារតែកំហុស បច្ចេកទេស មូល ប៊ូឡុង មិនជិត ជាហេតុបណ្តាលឲ្យជាតិ អាម៉ូញ៉ាក់ ជះក្លិនឈួល ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជិតខាង។ ខណៈនោះដែរអាជ្ញាធរ ក៏បានណែនាំដល់ម្ចាស់សិប្បកម្ម អោយបិទអាជីវកម្មបណ្ដោះអាសន្នដើម្បីរៀបចំតាម បទដ្ឋានបច្ចេកទេសត្រឹមត្រូវ បើសិនជានៅតែបង្កការ សាយភាយ ប៉ះពាល់ដល់អ្នកជិតខាងទៀត អាជ្ញាធរខណ្ឌ នឹងស្នើទៅរដ្ឋបាល រាជធានីភ្នំពេញ ដើម្បីបិទអាជីវកម្មទាំងស្រុងតែម្តង។
សូមបញ្ជាក់ផងដែរថា កន្លងមកសិប្បកម្មផលិតទឹកកក ខាងលើនេះ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់អាជីវកម្ម តែងតែបង្កឲ្យធ្លាយសាយភាយជាតិអាម៉ូញ៉ាក់ ជាញឹកញាប់ ហើយប្រជាពលរដ្ឋបាននាំគ្នា ទៅប្តឹងដល់សង្កាត់ ក៏ញឹកញាប់ដែរ និងធ្លាប់បណ្តាលឲ្យកម្មករ នៃរោងចក្រទឹកកកនោះ ស្លាប់២នាក់ កាលពីកំឡុងប្រមាណ១០ឆ្នាំមុន៕


